អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន លើកឡើងពីក្រុមមនុស្សត្រូវការផ្ទះតម្លៃសមរម្យ

ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រេច​បង្កើត​ក្រុម​ការងារ​បច្ចេកទេស សម្រាប់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ស្នើ​ហិរញ្ញប្បទាន ផ្ដល់​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ក្នុង​ករណី​ចាំបាច់។ ក្រោយ​ទទួល​បាន​ដំណឹង​ភ្លាម អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ក៏​បាន​ផ្ដល់​បទ​សម្ភាសន៍​គាំទ្រ​ការ​សម្រេច​បែបនេះ របស់​រាជរដ្ឋាភិបាល។

តាមដានជាមួយយើង៖ Million Times

បណ្ឌិត សំ សុខនឿន ដែល​ជា​អ្នក​ជំនួញ​ដ៏​ល្បី​បាន​បញ្ជាក់​មក​កាន់ Millions Times ថា លោក​ធ្លាប់​បាន​លើកឡើង​ជា​រឿយៗ​ពី​តម្លៃ​លំនៅឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា។ បច្ចុប្បន្ន​ប្រជាជន​ភាគច្រើន​នៅ​កម្ពុជា ត្រូវការ​ផ្ទះបែនោះ។ តែ​ផ្ទុយទៅវិញ អ្វី​ដែល​លោក និង​អ្នក​ជំនាញ ក៏​ដូចជា​ប្រជាជន​ផ្ទាល់​មើល​ឃើញ​ កន្លង​មក​អ្នក​អភិវឌ្ឍន៍​នៅ​កម្ពុជា គឺ​មិន​អាច​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ​​បាន​ទេ។

ចំពោះ​មូលហេតុ​ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ដ៏​ប៉ិនប្រសព្វ​រូបនេះ​លើក​ឡើង​ថា មកពី​តម្លៃ​ដី​នៅ​ទីក្រុង​ភ្នំពេញ និង​ជាយ ឬ​ជុំវិញ​ក្រុង​បាន​ឡើង​ថ្លៃ​អស់​ទៅ​ហើយ។ យ៉ាងណា​មិញ​ការ​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ​ទៅ​បាន អាស្រ័យ​លើ​ផ្ទៃ​ដី​មាន​តម្លៃ​ធូរ​ថ្លៃ ដូចនេះ​ហើយ​ក្រុម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​មិន​អាច​ចំណេញ ឬ​សូម្បី​​​រួច​ថ្លៃ​ដើម។

អ្នក​ឧកញ៉ា សំ សុខនឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខេធី ស្ទៀល ស្ត្រាក់ឈ័រ ឯ.ក បាន​រៀបរាប់​ពី​ក្រុម​មនុស្ស​ដែល​ត្រូវការ​ផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ សម្រាប់​ស្នាក់នៅ។ ក្នុង​នោះ​មាន​ដូចជា កម្មករ​កម្មការិនី កម្មករ​សំណង់ បុគ្គលិក​ក្រុមហ៊ុន គ្រូ​បង្រៀន ទាហាន អាជីវករទូទៅ សិស្សានុសិស្ស​មកពី​តាម​បណ្ដា​ខេត្តឡើង​មក​សិក្សា​នៅ​ភ្នំពេញ។

ក្រុម​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​បាន​រៀបរាប់​ដូច​ខាង​លើ សុទ្ធ​សឹង​ជា​អ្នក​ត្រូវការ​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ ដែល​មាន​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​នេះ​ឯង។ ​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​ទាំង​ក្នុង-ក្រៅ​ប្រទេស និង​ជា​សមាជិក​ថ្មី​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា សប្បាយ​ចិត្ត​នៅ​ពេល​ឮ​ដំណឹង មាន​​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ។

តែ​តម្លៃ​ដីក្នុង និង​ជុំវិញ​ភ្នំពេញ​បាន​ហក់ឡើង​ថ្លៃ​បាត់​ទៅ​ហើយ ដូចនេះ​ដើម្បី​អភិវឌ្ឍន៍​លំនៅឋាន​មាន​តម្លៃ​សមរម្យ​ទៅ​បាន អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ត្រូវ​កាត់​បន្ថយ ឬ​លើកលែង​ពន្ធ​ច្រើន​ប្រភេទ​ដើម្បី​ឲ្យ​តម្លៃ​ដើម​នៃ​ការ​សាងសង់​មាន​តម្លៃ​ទាប។ ការ​យល់ឃើញ​ផ្ទាល់​ខ្លួន​របស់​វិនិយោគិន​ខ្មែរ​​​រូប​នេះ គឺ​រាជរដ្ឋាភិបាល​គួរ​ប្រគល់​ដី​របស់​រដ្ឋ​ដល់​ក្រុមហ៊ុន នោះ​ក្រុមហ៊ុន​នឹង​អាច​សាងសង់​បាន​នូវ​ផ្ទះ​មាន​តម្លៃ​សមរម្យ ហើយ​ប្រជាជន​​មាន​លទ្ធភាព​ទិញ​បាន។

លោក​បណ្ឌិត​បាន​អះអាង​ថែម​ទៀត​ថា នៅ​ពេល​ដែល​មាន​គម្រោង​ផ្ទះ​តម្លៃ​សមរម្យ​ហើយ ប្រជាពលរដ្ឋ​ច្រើន ​អាច​មាន​លទ្ធភាព​ទិញ​បាន​ផ្ទះ​ទាំង​នោះ ហើយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​នឹង​មាន​ការ​ថយ​ចុះ នាំ​ឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​ឡើង។ ចំណុច​ល្អ​មួយ​ទៀត​ពី​ការ​មាន​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ច្រើន​កន្លែង ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជំនួញ​ផ្សេង​ៗ មិន​​ផ្លាស់ប្ដូរ​ទី​កន្លែង​ការងារ និង​លទ្ធផល​ការងារ​កាន់តែ​ប្រសើរ ជំនាញ​ក៏​កាន់តែ​តែ​អភិវឌ្ឍ ប្រាក់់​ខែ​ក៏​កាន់តែ​កើន​ឡើង ដោយ​សារ​គ្មាន​ការ​ព្រួយបារម្ភច្រើន។

នៅ​ពេល​ដែល​ប្រជាជន​មាន​ជំនាញ​គ្រប់គ្រាន់​ហើយ ច្បាស់​ណាស់​វិនិយោគិន​បរទេស​ក៏​កាន់តែ​កើន​ឡើង មក​បណ្ដាក់ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ។ ដូច្នេះ​ហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល បាន​គិតគូរ​ដល់​ចំណុច​បណ្ដុះបណ្ដាល​ជំនាញ​ដល់​កម្មករ​កម្មការិនី អ្នក​រកស៊ី​ក្រៅ​ប្រព័ន្ធ មាន​ជំនាញ​បច្ចេកទេស ហើយ​នៅ​ពេល​មាន​ផ្ទះ​តម្លៃ​សមរម្យ ធ្វើឲ្យ​ការ​បណ្ដុះបណ្ដាល​ជំនាញ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​ពេល​រៀន​ចេះ​ហើយ មិន​ចាំបាច់​ដូរ​ទីតាំង ឬ​ការងារ ដោយ​មាន​ផ្ទះ​នៅ​ជិត​នោះ​ស្រាប់៕

អត្ថបទ៖ មេរ៉ា៖ រូបភាព៖ Dr. Sam Soknoeun