ដំណឹងនៃការសាងសង់គម្រោងទីក្រុងឆ្លាតវៃដ៏ធំនៅខេត្តកោះកុង ដែលចាប់ប្រកាសពីឆ្នាំ២០២២ ដោយវិនិយោគិនអាមេរិកអស់រយៈពេលជាង ៣ឆ្នាំហើយនៅមិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់ ក៏ដូចជាទីតាំងសម្រាប់អភិវឌ្ឍន៍នៅឡើយ។ ប្រសិនបើគម្រោងយក្សមួយនេះចាប់ផ្តើមមែននោះ ខេត្តកោះកុងនឹងមានសក្តានុពលមិនចាញ់ខេត្តផ្សេងទៀតនោះទេ។
ក្រុមហ៊ុន Bilderberg Investment Group បានប្រកាសចាប់ផ្តើមគម្រោងទីក្រុងឆ្លាតវៃដ៏ធំមួយដែលមានឈ្មោះថា “AHNAKOT” ស្ថិតនៅក្នុងខេត្តកោះកុងលើផ្ទៃដីទំហំ ១២០,០០០ហិកតាដែលមានតម្លៃរាប់លានដុល្លារ។


ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល លោក Denis Gigil Anakot ប្រធានក្រុមហ៊ុន Bilderberg Investment Co., Ltd បានលើកឡើងថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង ទីតាំងភូមិសាស្រ្តដ៏ទាក់ទាញ ជាមួយនឹងស្ថិរភាពនយោបាយ និងសន្តិភាពក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយការដឹកនាំនេះបើកចំហសម្រាប់ការវិនិយោគក្នុង និងក្រៅប្រទេស។
លោកក៏បានបញ្ជាក់អំពីមូលហេតុដែលសម្រេចចិត្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគថា ដោយសារតែប្រទេសកម្ពុជាមានរដ្ឋាភិបាលដែលមានស្ថិរភាពខ្លាំងក្នុងរយៈពេលជាង ៤០ឆ្នាំក្នុងប្រវត្តិសាស្ត្រកម្ពុជា វាក៏ជាលើកទីមួយសម្រាប់កម្ពុជាក្នុងការរស់នៅប្រកបដោយសន្តិភាព និងវិបុលភាព។

លោកថ្លែងថា៖ «សំខាន់ណាស់សម្រាប់អ្នកវិនិយោគដូចខ្លួនខ្ញុំ មកបណ្តាក់ទុននៅកម្ពុជា ដោយសាររដ្ឋាភិបាលមានស្ថិរភាព កម្ពុជាមានសន្តិភាពណាស់ គ្មានអំពើហឹង្សា គ្មានឧក្រិដ្ឋកម្មធំដុំ មិនដូចប្រទេសដទៃ ប្រជាជនកម្ពុជាមានចិត្តរាក់ទាក់ ឆ្លាត និងមានការងាររឹងមាំ ក្រមសីលធម៌»។ លើសពីនេះ រដ្ឋាភិបាលផ្តល់នូវការលើកទឹកចិត្តដ៏ល្អដល់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការការពារពេញលេញដល់វិនិយោគិនទាំងអស់។
លោក Denis Gigil Anakot លើកឡើងថា កោះកុងជាឋានសួគ៌នៃធម្មជាតិ និងមានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍន៍។ នៅក្នុងគម្រោង “AHNAKOT” របស់លោកផ្តោតលើការអភិវឌ្ឍន៍ពេញលេញនៃវិស័យធំៗចំនួន៣ គឺ៖ ទេសចរណ៍ ឧស្សាហកម្ម និងកសិកម្ម។ លោកអះអាងថា គម្រោង “AHNAKOT” នឹងក្លាយជាទីក្រុងឆ្លាតវៃដំបូងគេបង្អស់របស់អាស៊ី រួមមាន មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ ទេសចរណ៍ប្រណីត និងផ្តាច់មុខ ទេសចរណ៍ធម្មជាតិ និងកសិ-ទេសចរណ៍ កសិកម្មឆ្លាតវៃ វិទ្យាសាស្ត្រ នវានុវត្តន៍ និងបច្ចេកវិទ្យា ព្រមទាំងមជ្ឈមណ្ឌលសាសនាផងដែរ។
លោក Denis បន្ថែមថា គម្រោង “AHNAKOT” នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ទាក់ទាញកម្មករកម្ពុជា ឱ្យត្រឡប់មកធ្វើការ និងរស់នៅក្នុងប្រទេសកំណើត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខេត្តកោះកុង និងប្រទេសកម្ពុជា យ៉ាងហោចណាស់មានរហូតលដ់ទៅ ៧០០,០០០កន្លែង បង្កើនផលិតកម្មក្នុងស្រុក និងពង្រីកទៅកាន់ទីផ្សារក្នុងតំបន់។

លោកប៉ាន់ប្រមាណថា គម្រោងទាំងមូលនឹងត្រូវបញ្ចប់ទាំងស្រុងក្នុងរយៈពេល ៥ ទៅ ៧ឆ្នាំខាងមុខ ហើយនឹងត្រូវបើកជាសាធារណៈតាមដំណាក់កាល។ ពេលនោះ លោក Denis បានផ្ញើសារទៅកាន់ប្រជាជនខេត្តកោះកុងថា៖ «សូមកុំបារម្ភ កុំភ័យខ្លាច កុំឲ្យអ្នកណាមកយកអ្នកមុន។ សូមអ្នកទាំងអស់គ្នារួមសហការជាមួយយើងដើម្បីបង្កើតគម្រោងដ៏អស្ចារ្យនេះដោយជោគជ័យ។ ដូចនេះ ជីវិតរបស់អ្នកនឹងពោរពេញដោយសុភមង្គល ហើយអ្នកនឹងមានជីវិតដ៏សម្បូរបែបសម្រាប់កូនៗ ចៅទួត ចៅទួត។ល។ សូមមេត្តាកុំលក់ដីទៅឱ្យអ្នកណាម្នាក់ សូមរក្សាដីទុកជាមួយយើង ដើម្បីសាងសង់គម្រោង “AHNAKOT” ឱ្យបានជោគជ័យ ព្រោះជាផលប្រយោជន៍ជាតិសម្រាប់អ្នកទាំងអស់គ្នា។ ខ្ញុំជឿថានាយករដ្ឋមន្ត្រីរបស់យើងនឹងការពារអ្នកទាំងអស់គ្នា»។
យ៉ាងណា គិតត្រឹមបំណាច់ឆ្នាំ២០២៤នេះ គម្រោង“AHNAKOT” ដែលវិនិយោគិនអាមេរិករូបនេះធ្លាប់បានប្រកាសនោះគឺមិនទាន់មានការវិវឌ្ឍន៍ថ្មីសោះឡើយថាតើគម្រោងនេះដល់ដំណាក់កាលសិក្សា ឬត្រៀមចាប់ផ្តើមការដ្ឋានក៏មិនទាន់មានដំណឹងនៅឡើយដែរ។

នាពេលថ្មីៗនេះ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានថ្លែងថា បច្ចុប្បន្នខេត្តកោះកុងមានធនធានធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់ខេត្តនៅក្នុងតំបន់ជាមួយ ប៉ុន្តែខេត្តដែលមានទឹកដីធំធេងសម្រាប់ការវិនិយោគ និងចំណុចចាប់ផ្តើមថ្មីៗនាទឹកដីសមុទ្រមួយនេះ នៅមិនទាន់ទទួលបានការវិនិយោគច្រើនៅឡើយ។
លោកស្រីបញ្ជាក់ថា ក្រោយបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងគម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ សម្រេចបាន ៧០ភាគរយ និងផ្លូវជាតិលេខ១០ នាពេលខាងមុខ ខេត្តកោះកុងនឹងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគជាច្រើនផងដែរ៕






អត្ថបទ៖ សាងតេជៈ រូបភាព៖ bilderberginvestmentgroup.com