រុស្ស៊ីចាប់ផ្ដើមប្រើរូបិយប័ណ្ណឌីជីថល ជាមធ្យោបាយធ្វើពាណិជ្ជកម្មអន្តរជាតិ

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានមានប្រសាសន៍ថា ក្រុមហ៊ុនរុស្ស៊ីកំពុងចាប់ផ្ដើមប្រើប្រាស់រូបិយប័ណ្ណឌីជីថល ដូចជា Bitcoin ដើម្បីជាមធ្យោបាយទូទាត់ប្រាក់ ពេលធ្វើពាណិជ្ជកម្មអន្តរជាតិ ដើម្បីគេចពីទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ទណ្ឌកម្មសេដ្ឋកិច្ចដែលលោកខាងលិចដាក់ទៅលើរុស្ស៊ី បានបង្អាក់សកម្មភាពពាណិជ្ជកម្មរវាងមហាអំណាចមួយនេះ ជាមួយដៃគូរកស៊ីធំៗដូចជាចិន និងតួកគី ដ្បិតនិយតករលោកខាងលិចគំរាមប្រើធម៌ក្ដៅ ចំពោះប្រទេសណាដែលហ៊ានរកស៊ីជាមួយរុស្ស៊ី។

ដើម្បីបន្តចរន្តពាណិជ្ជកម្ម និងគេចចេញពីការដាក់ទណ្ឌកម្មផង រុស្ស៊ីបានអនុម័តឲ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល សម្រាប់ការធ្វើជំនួញអន្តរជាតិ បើទោះជាវាប្រឈមនឹងហានិភ័យ នៃការឆបោក និងអស្ថិរភាពចំពោះតម្លៃទំនិញក៏ដោយ។

ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានចាត់ទុកថា ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល ជាមធ្យោបាយទូទាត់ប្រាក់របស់រុស្ស៊ី គឺជាផ្នែកមួយនៃយុទ្ធនាការឈប់ពឹងផ្អែកប្រាក់ដុល្លារ របស់អាមេរិកក្នុងការធ្វើពាណិជ្ជកម្មទូទាំងសកលលោក ស្របតាមគោលការណ៍ដែលក្រុមប្រទេស BRICS ចង់សម្រេចឲ្យបានក្នុងពេលឆាប់ៗ៕

អត្ថបទ៖ Luffy រូបភាព៖ PrimeX