អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដំណាក់កាលទី១ ដែលចំណាយការសាងសង់ប្រមាណ ២០០លានដុល្លារ បានរៀបចំដាក់ឲ្យដំណើរការជើងហោះហើរជួលក្នុងស្រុក (Domestic charter flight)។
នៅថ្ងៃទី២៦ ខែធ្នូនេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment (CAI) បានប្រកាសបើកជើងហោះហើរជួលក្នុងស្រុកលើកដំបូងជាមួយនឹងក្តីរំពឹងថាអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុងមួយឆ្នាំ។
លោក លី ម៉ុងឈិន លើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Coastal Airport Investment ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារ។
តាមផែនការមេ រយៈពេលខ្លី និងមធ្យម ក្នុងករណីមានការបើកការហោះហើរ ជាលក្ខណៈពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិពេញលេញ ក្រុមហ៊ុនរំពឹងថាអាកាសយានដ្ឋាននេះ អាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុងមួយឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០។
ជាមួយនឹងការបើកដំណើរការ អាកាសយាហអន្តរជាតិតារាសាគរ រាជរដ្ឋាភិបាល ក៏ដូចជា សមាគមទេសចរណ៍ និងក្រុមហ៊ុនវិនិយោគសុទ្ធតែរំពឹងពីកំណើន វិស័យទេសចរណ៍ វិស័យវិនិយោគ វិស័យឧស្សាហកម្ម ការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងឱកាសការងារបន្ថែមដល់ប្រជាពលរដ្ឋ នៅខេត្តកោះកុង និងសេដ្ឋកិច្ចកម្ពុជានិយាយជារួម។
សូមជម្រាបបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកលោកស្រី មិថុនា ភូថង