សម្តេច ហ៊ុន ម៉ាណែត អះអាងថា ការសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង

មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ UN ​លើក​ទី​៥៤ នៅ​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ ឆ្នាំ​២០២៤ ​បាន​អនុម័តជា​ឯកច្ឆ័ន​ឱ្យកម្ពុជា​ចាប់​ផ្តើម​ចាក​ចេញ​ជា​ផ្លូវ​ការ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ (LDC) ក្នុង​អំឡុង​ពេល​៥​ឆ្នាំ ​គិត​ចាប់​ពីថ្ងៃ​អនុម័ត​សេច​ក្តី​សម្រេច​ចិត្ត​នេះ​។ 

ជាមួយនឹងការនឹងការចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនេះ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង ម្ចាស់ការលើខ្លួនឯង។

តាមដានជាមួយយើង៖ Million Times

សម្ដេច ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់បន្ថែមថា បើកម្ពុជាបន្តស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើននឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលលក្ខខណ្ឌអនុគ្រោះពីប្រទេសជាច្រើនទៀត។ 

សម្ដេចនាយករដ្ឋមន្រ្តីក៏បានថ្លែងឲ្យដឹងថា មុនការដកខ្លួនចេញនេះ ធនាគារពិភពលោក ក៏បានមកសួរកម្ពុជាផងដែរ តែកម្ពុជានៅតែសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចជាដដែល ដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

សូមជម្រាបថា កម្ពុជាត្រូវបានចាត់បញ្ចូលជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩១ និងបំពេញបាននូវលក្ខណៈវិនិច្ឆ័យចាកចេញចំនួន ២លើកជាប់ៗគ្នា ដែលវាយតម្លៃដោយគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍នៅឆ្នាំ២០២១ និងឆ្នាំ២០២៤។ ការចាកចេញនេះពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ចំណុចរួមមាន៖ ប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ សន្ទស្សន៍ទ្រព្យធនមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និងបរិស្ថាន។ 


បើយោងតាមសំណើ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ UN កម្ពុជានឹងត្រូវចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី