ថ្មីៗនេះក្រុមហ៊ុន អ៊ែតវូត អីនវេសមីន គ្រុប ឯ.ក របស់មានលោកស្រី លឹម ឈីវហូ ជាអគ្គនាយិកា ហើយមានលោក សុខ ណាទី ជាអ្នកតំណាងបានថ្លែងប្រាប់សារព័ត៌មានថា ក្រុមហ៊ុន អ៊ែតវូត អីនវេសមីន សហការជាមួយក្រុមហ៊ុនអន្តរជាតិដ៏ធំមួយនៅអាស៊ី ដើម្បីពិនិត្យលទ្ធភាពនៃអាជីវកម្មកំពង់ផែ នៅតំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ។
លោក សុខ ណាទី រៀបរាប់ពីទីតាំងភូមិសាស្រ្តនៃតំបន់សេដ្ឋកិច្ចស្ទឹងអាវ មានហេដ្ឋារចនាសម្ព័ន្ធស្រាប់ដូចជា មានផ្លូវបេតុងរួចស្រាប់តភ្ជាប់ពីស្ទឹងហាវ រហូតដល់ផ្លូវជាតិលេខ៤។ ចំណែកចម្ងាយផ្លូវត្រឹមតែ ៤ គីឡូម៉ែត្រពីផ្លូវល្បឿនលឿន និងមានផ្លូវរថភ្លើងដែលរត់ជាប់នឹងព្រំប្រទល់តំបន់សេដ្ឋកិច្ចនេះតែម្ដង ហើយការភ្ជាប់ផ្លូវគមនាគមន៍គឺបានយ៉ាងល្អ។
អ្នកតំណាងក្រុមហ៊ុន អ៊ែតវូត អីនវេសមីន គ្រុប ឯ.ក បានបន្តទៀតថា ចំណែកកំពង់ផែវិញ រឹតតែពិសេសទៅទៀត ដោយសារទីតាំងតំបន់សេដ្ឋកិច្ចពិសេសនៅស្ទឹងហាវផ្នែកខាងក្រោយ ជាប់នឹងកំពង់ផែតែម្ដង ហើយពេលនេះកំពុងធ្វើការទំនាក់ទំងជាមួយដៃគូសហការអន្តរជាតិនៅអាស៊ី ដើម្បីចុះធ្វើការសិក្សាលម្អិត អំពីលទ្ធភាពនៃអាជីវកម្មកំពង់ផែ។
ចំពោះគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវវិញ ក្រុមហ៊ុន អ៊ែតវូត ធ្វើការសិក្សាលទ្ធភាពអាជីវកម្ម និងគម្រោងការអភិវឌ្ឍន៍ជាមួយក្រុមហ៊ុនចិនមួយ ហើយការសិក្សានោះនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។ ក្រោយពេលបញ្ចប់ក្រុមហ៊ុននឹងធ្វើការផ្សព្វផ្សាយ និងព្យាយាមទាក់ទាញវិនិយោគិនបរទេស ដើម្បីមកធ្វើការសាងសង់រោងចក្រសហគ្រាសនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ៕