ច្បាស់ការ! អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការ អំឡុងខែកក្កដាឆ្នាំ២០២៥

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកដំណើរការនូវដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ ដោយគិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ គម្រោងដ៏ធំលំដាប់ថ្នាក់ 4Fនេះសម្រេចបានប្រមាណ ៩២ភាគរយហើយ។ នេះបើតាមកិច្ចប្រជុំរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។

នៅថ្ងៃពុធនេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បើកកិច្ចប្រជុំ និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ ដំណាក់កាលទី១ ដើម្បីត្រៀមខ្លួនបញ្ចប់ការងារ និងបើកដំណើរការនៅឆ្នាំក្រោយ។ លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន CAIC បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំថា «នៅក្នុងកិច្ចប្រជុំថ្ងៃនេះ លោក ម៉ៅ ហាវណ្ណាល់ បានកំណត់ក្នុងការបើកដំណើរការ អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅក្នុងខែកក្កដា ឆ្នាំ២០២៥»។

តាមដានជាមួយយើង៖ Million Times

លោកថ្លែងថា រាល់ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺដំណើរការទៅតាមផែនការ ដោយនៅសល់តែបញ្ហាតិចតួចតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំបន្ដក្នុងការបញ្ចប់ការងារសាងសង់នៅឆ្នាំ២០២៥។

គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ​លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។ គម្រោងនេះគ្រោងចាយសម្រាប់ដំណាក់កាលទី១ ប្រមាណ ១៥០០លានដុល្លារ ដោយប្រើប្រាស់កម្លាំងបុគ្គលិក កម្មករចំនួនសរុប ៣,៧៤០នាក់។ 

ក្នុងឱកាសត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ កាលពីខែមីនាឆ្នាំនេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ពុំមែនតែជានិមិត្តរូបនៃភាពល្អមើលប៉ុណ្ណោះទេ ប៉ុន្តែគឺបង្ហាញពីការរីកចម្រើនរបស់កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរ ពោលគឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជន។

សម្តេចគូសបញ្ជាក់ថា ព្រលានយន្តហោះនេះ ក៏នឹងចូលរួមទាក់ទាញនិងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិផងដែរ។ សម្តេចក៏បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ បាននិងកំពុងចូលរួមចំណែកយ៉ាងធំធេងសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែទន្ទឹមនោះ យើងត្រូវពង្រឹងនិងពង្រីកសេវាកម្មទេសចរណ៍ឱ្យកាន់តែច្រើនថែមទៀតដែលមានគុណភាពដើម្បីឱ្យទេសចរបរទេសស្នាក់នៅយូរអង្វែងនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងផេកលោក កើត ឆែ