ធនាគារពិភពលោក World Bank បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាមានស្ថិរភាព ដោយសារតែតម្រូវការខាងក្រៅជួយជំរុញឱ្យមានការនាំចេញស្ទុះងើបឡើងវិញ បើទោះបីជាវិស័យផ្សេងៗនៅមិនទាន់មានដំណើរការរលូនក៏ដោយ។
របាយការណ៍របស់ធនាគារពិភពស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ ៥,៣ភាគរយនៅឆ្នាំនេះ ពីអត្រាកំណើន ៥ភាគរយនៅឆ្នាំ២០២៣ ដែលត្រូវបានជំរុញភាគច្រើនដោយផ្នែកពាណិជ្ជកម្ម។ ការកើនឡើងនៃការនាំចេញផ្នែកកម្មន្តសាល រួមជាមួយនឹងការស្ទុះងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍ និងការបន្តកើនឡើងការវិនិយោគបរទេស ក៏បានជួយទ្រទ្រង់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។
ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Tania Meyer មានប្រសាសន៍ថា៖ «កម្ពុជាអាចបន្តជំរុញកំណើនថែមទៀតដោយការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការបង្កើនផលិតភាពរបស់ខ្លួន។ ការវិនិយោគលើទុនមនុស្ស ពិសេសលើវិស័យអប់រំ និងការកែទម្រង់ស៊ីជំរៅដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនឹងអាចជាគន្លឹះមួយដើម្បីឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការបង្កើតការងារបន្ថែមនិងប្រកបដោយជំនាញ»។
លោកស្រីបន្តថា ចំនួនភ្ញៀវទេសចរអន្តរជាតិបានបន្តកើនឡើងដល់កម្រិតមុនកើតមានជំងឺកូវីដ-១៩។ ប៉ុន្តែការចំណាយរបស់ភ្ញៀវទេសចរនៅមានកម្រិតទាបជាងខ្លាំងបើធៀបនឹងការចំណាយកាលពីឆ្នាំ២០១៩ ដោយសារភ្ញៀវទេសចរដែលមកពីប្រទេសចំណាយខ្ពស់មានតិចជាងមុន។ ក្នុងពេលជាមួយគ្នានេះ ការថមថយតារាងតុល្យការរបស់ធនាគារ និងការកើនឡើងបំណុលគ្រួសារ បង្ហាញពីការធ្លាក់ចុះការប្រើប្រាស់ក្នុងស្រុក។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤កាលពីពេលកន្លងទៅ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ។
សម្តេចគូសបញ្ជាក់ថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជា រក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមលើសពី៧% ក្នុងមួយឆ្នាំ សម្រាប់ រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រលប់ទៅរកកំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០២៨ ដែលការណ៍នេះ បង្ហាញអំពី អនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម