ក្រុមហ៊ុន ឃុន សៀ សហការជាមួយបរទេសអភិវឌ្ឍន៍«ទីក្រុងមេគង្គឃី» លើផ្ទៃដីជាង ២០០ហិចតា

ក្រុមហ៊ុន ឃុន សៀ គ្រុប និងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានសហការគ្នាអភិវឌ្ឍន៍ទីក្រុងថ្មីមួយលើទឹកដីក្រុងអរិយក្សត្រឈ្មោះថា «ទីក្រុងមេគង្គឃី – Mekong Quay» ដែលស្ថិតនៅភាគខាងកើតរាជធានីភ្នំពេញ ទល់មុខជាមួយតំបន់អភិវឌ្ឍន៍កោះពេជ្រ និងកោះនរា។

ពិធីបើកការដ្ឋានសាងសង់ធ្វើឡើងក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ សម្ដេចសង្ឃឹមជឿជាក់ថា ការអភិវឌ្ឍទីក្រុងទំនើបនេះ នឹងរួមចំណែកជំរុញកំណើនអចលនទ្រព្យ ក្លាយជាទីក្រុងទេសចរណ៍ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ។

តាមដានជាមួយយើង៖ Million Times

សម្តេចថ្លែងគូសបញ្ជាក់ថា ការសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ក្នុងចំណោមទំហំដីជាង២០០ហិកតា ហើយចំណាយដី១ភាគ៣សម្រាប់ធ្វើផ្លូវសាធារណៈ គឺពិតជាត្រឹមត្រូវ ​ហើយសម្តេចសូមប្រកាសគាំទ្រចំពោះគម្រោងបែបនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ។

សម្តេចបានថ្លែងថា «ទីក្រុងមេគង្គឃីនឹងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ នៅទិសខាងកើតកាន់តែច្រើនបន្ថែមទៀត ហើយកន្លែងនេះបានប្រែក្លាយជាដីខ្សាច់ដុះស្មៅចោល ក្លាយទៅជាកន្លែងមាន សេដ្ឋកិច្ចកាន់តែច្រើន»។

តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងមេគង្គឃី បានឲ្យដឹងថា ការអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ ២០០ហិចតានៃទំហំផ្ទៃដីសរុបក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍ដោយបែងចែកជា ៦វិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម, លំនៅឋាន, បដិសណ្ឋារកិច្ច, អប់រំ, សុខាភិបាល និងទេសចរណ៍ និងវប្បធម៌។

បើតាមតំណាងក្រុមហ៊ុន ផ្ទៃដីដែលនៅសល់ជាង ៧០ហិចតាសម្រាប់ជាចក្ខុវិស័យអភិវឌ្ឍន៍ក្រុងមេគង្គឃី គ្រោងទុកសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមាន រៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាសាងសង់ជ្រាំងទន្លេ ផ្លូវបើកបរយានជំនះ ផ្លូវថ្មើជើង ផ្លូវជិះកង់ កន្លែងសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំជាសួនច្បារបៃតងដ៏ធំទូលាយដែលមានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រក្នុងគោលបំណងលើកផ្ទួយគុណភាព ផាសុកភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបំរើផលប្រយោជន៍រួមសាធារណៈ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី