ទីក្រុងអរិយក្សត្រនឹងមានការរីកចម្រើនដូចរាជធានីភ្នំពេញ ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធ និងអគារខ្ពស់ៗនាពេលខាងមុខ ខណៈការអភិវឌ្ឍទីក្រុងទំនើបថ្មី «មេគង្គឃី» ក្លាយជាទីក្រុងទេសចរណ៍ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្ម។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់«ទីក្រុងមេគង្គឃី» របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប នាព្រឹកថ្ងៃអង្គារនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តែងសុទិដ្ឋិនិយមខ្ពស់ថា តំបន់អរិយក្សត្រនឹងមានភាពរីកចម្រើនដូចខាងលិចទន្លេ ពោលគឺរាជធានីភ្នំពេញដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាតងាយស្រួលធ្វើដំណើរ និងអគារខ្ពស់ៗជាច្រើនទៀត រួមទាំងមានស្ពានឆ្លងកាត់ងាយស្រួលឆ្លងកាត់។
សម្ដេចសង្ឃឹមជឿជាក់ថា ការអភិវឌ្ឍទីក្រុងទំនើបនេះ នឹងរួមចំណែកជំរុញកំណើនអចលនទ្រព្យ ក្លាយជាទីក្រុងទេសចរណ៍ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ។ សម្តេចលើកឡើងថា ការសាងសង់«ទីក្រុងមេគង្គឃី» របស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្នុងចំណោមទំហំដីជាង ២០០ហិកតា ហើយចំណាយដី ១ភាគ៣សម្រាប់ធ្វើផ្លូវសាធារណៈ គឺពិតជាត្រឹមត្រូវ ហើយសម្តេច សូមប្រកាសគាំទ្រចំពោះគម្រោងបែបនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ។
សម្តេចថ្លែងថា «ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នឹងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ នៅទិសខាងកើតកាន់តែច្រើនបន្ថែមទៀត ហើយកន្លែងនេះបានប្រែក្លាយជាដីខ្សាច់ដុះស្មៅចោល ក្លាយទៅជាកន្លែងមាន សេដ្ឋកិច្ចកាន់តែច្រើន។
សម្តេចនាយករដ្ឋមន្រ្តីថ្លែងបន្តថា៖ «ការសាងសង់នូវទីក្រុងមេគង្គឃីនាពេលនេះ គឺជាការអភិវឌ្ឍដ៏ត្រឹមត្រូវ និងជាការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានគេហដ្ឋានស្នាក់នៅប្រកបដោយភាពងាយស្រួល ខណៈទីក្រុងនេះ មានហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាធំល្អរហូងដល់ជាងពីររយហិកតា»។
សូមជម្រាបថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ នៅស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។ ក្រុងអរិយក្សត្រ ដែលជាក្រុងទី២ របស់ខេត្តកណ្តាល ដែលមានសង្កាត់ចំនួន១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី