រដ្ឋាភិបាលថៃមានគម្រោងចាប់ផ្ដើមអនុវត្តវិធានការប្រមូលពន្ធសាជីវកម្មអប្បបរមាសកល ១៥% ចំពោះក្រុមហ៊ុនខ្នាតយក្សបរទេសដែលរកស៊ីក្នុងប្រទេសមួយនេះ ចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Pichai Chunhavajira បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងចេញច្បាប់ស្ដីពីការប្រមូលពន្ធនេះជាបន្ទាន់។
ក្រោមច្បាប់ថ្មីដែលត្រួតពិនិត្យដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ពន្ធអប្បបរិមា ១៥% នឹងត្រូវប្រមូលយកពីក្រុមហ៊ុនអន្តរជាតិមានអាជីវកម្មនៅប្រទេសថៃ ដែលមានចំណូលលើសពី ៧៥០លានអឺរ៉ូ ឬប្រហែល ៧៨៥លានដុល្លារ។
បច្ចុប្បន្នពន្ធសាជីវកម្មនៅប្រទេសថៃ គឺកំណត់យក ២០% ក៏ប៉ុន្តែក្រុមហ៊ុនបរទេសទាំងនោះ ទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្រុមប្រឹក្សាវិនិយោគថៃ រួមមានការលើកលែងពន្ធ រហូតដល់ ១៣ឆ្នាំឯណោះ៕
អត្ថបទ៖ Luffy រូបភាព៖ Retail News Asia