សម្តេច ហ៊ុន ម៉ាណែត៖ «យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងគោលដៅចម្បងចំនួន ២

រាជរដ្ឋាភិបាលកម្ពុជា សម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលដៅចម្បងការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋ-កិច្ចក្រៅប្រព័ន្ធ។

ក្នុងពិធីសម្ពោធនាព្រឹកថ្ងៃចន្ទ ខែធ្នូនេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំ និងដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូន អាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពកាន់តែល្អប្រសើរ។

តាមដានជាមួយយើង៖ Million Times

សម្តេចមានប្រសាសន៍ថា៖ ដើម្បីសម្រេច​បាន​ចក្ខុ​វិស័យអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធឱ្យរីកធំធាត់ រាជរដ្ឋាភិបាលបានដាក់​ចេញ​នូវអាទិភាពជាយុទ្ធសាស្រ្តចំនួន ៥រួមមាន : (១). ការកំណត់, កែសម្រួល និងរៀបចំយន្តការ ដែលបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូល​ក្នុង​ប្រព័ន្ធ, (២). ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព, (៣). ការផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ, (៤).ការលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈាន​ចូលក្នុង​ប្រព័ន្ធ, និង (៥). ការពង្រីក និងពង្រឹងការផ្សព្វ-ផ្សាយ, ការលើកកម្ពស់​ការយល់ដឹង និងការចូលរួម។

សម្តេចមនាយករដ្ឋមន្រ្តីបានថ្លែងថា «យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងគោលដៅចម្បងចំនួន ២ ដូចខាងក្រោម៖ 

ទី១៖ ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ: រាជរដ្ឋាភិបាលយល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ​ជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។

ជាក់ស្តែង អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្នាតមីក្រូ ដែលមិនមានទីតាំងជាក់លាក់ មិនអាចស្នើសុំលិខិតអនុញ្ញាតផ្សេងៗ ពីយន្តការច្រកចេញ-ចូល តែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឬ ក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ក្នុងន័យនេះ យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានបង្កើត​ឡើង​​ជាយន្តការថ្មី ដែលបំពេញបន្ថែមលើយន្តការដែលមានស្រាប់ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីម្យ៉ាង អនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចបំពេញបានដោយរលូន ងាយស្រួលរហ័ស និងឥតគិតថ្លៃសេវា និងម្យ៉ាងទៀត អនុញ្ញាតឱ្យរាជរដ្ឋាភិបាល ដាក់ចេញនូវការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ។

ទី២៖ ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋ-កិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង-ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល ដែលអាចរក្សាទុក ឬបោះពុម្ពជាសន្លឹក សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្តេចបានថ្លែងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិនមានការ​បង្ខិត​បង្ខំ និង មិនគិតថ្លៃអ្វីទាំងអស់។ ការចុះឈ្មោះនេះ​មិនត្រឹមតែដើម្បីឱ្យទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។ បើតាមសម្តេច អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ដែលមានផលរបរក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី