ពាណិជ្ជករវ័យក្មេង សំ សុខនឿន ដឹកនាំគណៈប្រតិភូបរទេស ៤ក្រុមហ៊ុនពិភាក្សារឿងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងថាមពល ជាមួយឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល

វិនិយោគិខ្មែរ និងបរទេសចំនួន ៤ក្រុមហ៊ុនបានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដើម្បីជំរុញការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងវិស័យថាមពល ខណៈប្រតិភូដែលដឹកនាំដោយអ្នកឧកញ៉ា សំ សុខនឿន​ កំពុងស្វែងរកការបណ្ដាក់ទុននៅកម្ពុជា។

កាលពីរសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន៤ ដឹកនាំដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Sam Sn Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ គណៈប្រភូវិនិយោគិនមកពីក្រុមហ៊ុនដែលជាដៃគូចំនួនបីទៀតរួមមាន៖ ១. ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy ២. ក្រុមហ៊ុន Genezen Energy និង ៣. ក្រុមហ៊ុន Sam St Investment Pte., Ltd.។

តាមរយៈជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង៤ បានមានឱកាសស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពលជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវ័ន្តដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីនយ៉ាងសំខាន់សម្រាប់ជំរុញកំណើតសេដ្ឋកិច្ចជាតិ៕

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC