សារព័ត៌មានវៀតណាម VNExpress បានរាយការណ៍ថា ការវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីសរុប (FDI) នៅក្នុងប្រទេសវៀតណាម រួមទាំងការវិនិយោគថ្មី និងបន្ថែម ក៏ដូចជាការរួមចំណែកដើមទុនតាមរយៈការទិញភាគហ៊ុន បានឈានដល់ ៣១,៤ពាន់លានដុល្លារក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៤។
ក្នុងនោះទឹកប្រាក់ ១៧,៣៩ពាន់លានដុល្លារ ត្រូវបានចាក់ចូលក្នុងគម្រោងវិនិយោគថ្មីៗ ៣ ០៣៥គម្រោង ខណៈទឹកប្រាក់ជិត ១០ពាន់លានដុល្លារទៀត ត្រូវបានវិនិយោគបន្ថែមលើគម្រោងមានស្រាប់ ១ ៣៥០គម្រោង និង ៤ពាន់លានដុល្លារទៀត ជាកញ្ចប់ចំណាយដែលវិនិយោគិនបរទេស បានទិញភាគហ៊ុន។
បច្ចុប្បន្ន វិនិយោគិនបរទេសកំពុងបណ្ដាក់ទុនលើវិស័យចំនួន១៨ ក្នុងវិស័យសរុបចំនួន២១ នៃសេដ្ឋកិច្ចជាតិវៀតណាម។ ក្នុងនោះវិស័យឧស្សាហកម្ម ទទួលបានការបណ្ដាក់ទុនច្រើនបំផុត ប្រហែល ២០,២ពាន់លានដុល្លារ។
នៅក្នុងរបាយការណ៍ដែលបានត្រួតពិនិត្យរួចរាល់បង្ហាញថា វៀតណាមបានអូសទាញការវិនិយោគ ពីប្រទេស និងតំបន់សរុប ១១០ទូទាំងពិភពលោក ដោយមានប្រទេសសិង្ហបុរី បានបណ្ដាក់ទុនវិនិយោគច្រើនបំផុតជាង ៩ពាន់លានដុល្លារ៕