អ្នកជំនាញសេដ្ឋកិច្ច៖ ក្រៅពីកម្ចីមិនផ្លូវការជនជាតិចិន ថ្មីៗនេះឃើញមានកម្ចីក្រៅប្រព័ន្ធរបស់ជនជាតិឥណ្ឌាបន្ថែម

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យ​សភាកម្ពុជាកាលពីថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៤ កន្លង​ទៅ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ​​បានលើក​ឡើង​ថា កាលពីមុនការផ្តល់កម្ចីក្រៅផ្លូវការភាគច្រើនផ្តល់ដោយចិន។ តែថ្មី​ៗ​​នេះ បានលេចឡើង​ជនជាតិឥណ្ឌា ដែលបាន​ផ្តល់ប្រាក់កម្ចីក្នុងរូបភាពជាការរាប់លុយ មានការប្រាក់ប្រមាណ ២០ ភាគរយ។ នោះ​មាន​ន័យ​ថា ​បើ​គេផ្តល់កម្ចី ១០០ដុល្លារ ត្រូវបង់សង ៥ដុល្លារក្នុង​មួយ​ថ្ងៃ រយៈពេល​ដល់​ទៅ ២៤ ថ្ងៃ​ឯណោះ។

តាមដានជាមួយយើង៖ Million Times

បណ្ឌិត គី សេរីវឌ្ឍន៍ បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ននេះ ជនជាតិ​ឥណ្ឌា​ទាំង​នោះ កំពុងផ្តល់កម្ចីលក្ខណៈតូចៗទៅតាមភូមិ និងតាមផ្ទះជួលរបស់កម្មករ នៅក្នុងសង្កាត់កាកាបជាដើម។ លោក​បន្ថែម​ទៀត​ថា ​​សកម្មភាពផ្តល់កម្ចីក្រៅផ្លូវការទម្រង់​នេះ​កំពុងរីករាលដាលខ្លាំង ដោយសារការផ្តល់ឥណទានបែបនេះ មានភាពងាយស្រួល ហើយ​ក៏មានការប្រាក់ខ្ពស់​ផង​ដែរ តែប្រជាពលរដ្ឋភាគច្រើននៅតែក៏ចូលចិត្តយកកម្ចីបែបនោះ ដោយសារ​​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយពីសារព័ត៌មាន Fresh News។

ងាក​មក​មើល​ពី​របៀ​ប​ដែលផ្ដល់​កម្ចី​មិន​ផ្លូវការ​របស់ជនជាតិឥណ្ឌានោះ មាន ២ ទម្រង់​ផ្សេង​គ្នា ដោយដំបូងឡើយ គឺក្នុងរូបភាពលក់ សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយតម្រូវឲ្យអ្នកទិញបង់រំលស់សងប្រចាំថ្ងៃ តាមកម្រិតនៃតម្លៃទំនិញ។ ចំណែក​សកម្មភាពមួយទៀត គឺផ្តល់កម្ចី ​​១០០ដុល្លារ ត្រូវបង់សងវិញមួយថ្ងៃ ៥ដុល្លារ រយៈពេល២៤ថ្ងៃ ដែលបើគិតជាអត្រាប្រាក់គឺ ២០ភាគរយ។​ នេះជា​ការ​លើក​ឡើង​របស់​លោក  កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»។ សកម្មភាពផ្តល់កម្ចីរបស់ជនជាតិឥណ្ឌានេះ ភាគច្រើននៅជាយរាជធានីភ្នំខេត្ត និង​ខេត្ត​ឆ្ងាយៗ ដូចជាប៉ៃលិន រតនគិរី ​ជាដើម។

បច្ចុប្បន្ននេះការផ្តល់កម្ចីក្រៅផ្លូវការ បានរីករាលដាលច្រើន ស្របពេលដែលពលរដ្ឋកំពុងធ្លាក់ចុះចំណូល និងមានបំណុល ខណៈអ្នកផ្តល់កម្ចីក្រៅ​ផ្លូវ​ការជាច្រើន​មានទាំងជនជាតិខ្មែរ ជនបរទេសផងដែរខណៈត្រាការប្រាក់ក៏ខ្ពស់ផងដែរ។

ក្រោយ​ឃើញ​សកម្មភាព​ទាំង​នោះ លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា មូលហេតុចម្បងធ្វើឲ្យពលរដ្ឋជាច្រើនជ្រើសរើសយកកម្ចីក្រៅផ្លូវការ ដោយសារចំណេះដឹងហិរញ្ញវត្ថុ ហើយ​អ្នក​ខ្លះ​ទៀត​យល់ថាវាមានភាពងាយស្រួល និងមិនត្រូវការឯកសារសាំញ៉ាំច្រើន ឬទ្រព្យបញ្ចាំ។ ឃើញ​បែបនេះធនាគារជាតិនៃកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីលើកកម្ពស់ចំណេះដឹងពលរដ្ឋ ព្រោះនៅពេលដែលពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុច្រើន ពួកគាត់នឹងជ្រើសរើសកម្ចីនៅស្ថាប័នហិរញ្ញវត្ថុផ្លូវការ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖Ky Sereyvath, Tongngy Kaing​ និង AMS