សេដ្ឋីផ្នែកដឹកជញ្ជូនដែលល្បីល្បាញបំផុត គឺអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបង្ហោះនៅលើបណ្ដាញសង្គមពីការចាប់ផ្ដើមដំបូងនៃការដាំផ្លែស្ត្រប៊័រីបែបធម្មជាតិ ក្នុងដំណាក់កាលសាកល្បងលើទឹកដីគីរីរម្យ និងទទួលបានលទ្ធផលគាប់ចិត្តផងដែរ។
ក្នុងដំណាក់កាលសាកល្បងដំបូង ជាលទ្ធផលឃើញថាផ្លែស្ត្រប៊័រីមានរសជាតិផ្អែម១០០% ឆ្ងាញ់ដូចការរំពឹងទុករបស់អ្នកជំនួញវាល់លានរូបនេះមែន។ ក្រោយពីធ្វើការតេស្ដសាកល្បងជោគជ័យនេះហើយ ការដាំជាផ្លូវការនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជាការផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក៏ដូចជាជួយកាត់បន្ថយការនាំចូលពីបរទេសផងដែរ។ អ្វីដែលក្រុមហ៊ុនអ្នកឧកញ៉ា សួរ វីរៈ ផ្ដោតចម្បងគេនោះគឺដាំបន្លែធម្មជាតិ គិតពីសុខភាពអ្នកបរិភោគមុនគេតែម្ដង។
នេះជាការបោះជំហានថ្មីមួយទៀតសម្រាប់អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ក្នុងវិស័យកសិកម្មនៅកម្ពុជា។ ស្របពេលអ្នកឧកញ៉ាបានទទួលជោគជ័យខ្លាំងរួចទៅហើយទៅលើផ្នែកដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ មួយវិញទៀតថ្មីៗនេះម្ចាស់រីសតនៅកោះស្ដេច និងគិរីរម្យ សួរ វីរៈ ក៏ទើបឈ្នះពានរង្វាន់សហគ្រិនឆ្នើមឆ្នាំ 2024 ក្នុងកម្មវិធី GREAT ASEAN CSR BUSINESS AWARD 2024 ផងដែរ។
សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា សួរ វីរៈ ក្រៅពីម្ចាស់ក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស ទៅ លោកក៏នៅមានជំនួញកាន់ក្នុងដៃជាច្រើនទៀតផងដែររួមមានរីសតនៅ ឧទ្យានបោះតង់គិរីរម្យ, កោះស្តេចរីសតនិង កោះអភិជន រីសត ជាដើម។ ក្រៅពីរកស៊ីនេះ លោកក៏ចូលចិត្តក្នុងការចូលរួមការងារសង្គមដូចគ្នាដោយកន្លងទៅធ្លាប់បរិច្ចាកឈាមជាញឹកញាប់ ចូលរួមជួយជាថវិការដល់មន្ទីរពេទ្យគន្ធបុប្ផា សាងសង់សាលារៀននិងសកម្មភាពសង្គមជាច្រើនទៀត៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ FB Neak Oknha Vireak Suo