លោកស្រី ជា សិរី៖ ឆ្នាំ២០២៥ ធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍មានសម្ពាធកើតឡើងមកពីមុខព្រួញចំនួនពីរ

លោក ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ពីសម្ពាធលើឯករាជ្យភាពរបស់ធនាគារកណ្តាល ក្នុងការអនុវត្តនិងដឹកនាំនយោបាយរូបិយវត្ថុ ពិសេសសម្រាប់ធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើងមកពីមុខព្រួញចំនួនពីរ។

ក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដែលផ្តោតលើប្រធានបទសំខាន់ៗដែលកើតឡើងជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០២៥ខាងមុខ ក៏ដូចជាផលប៉ះពាល់នៃការបែងចែកសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ីទៅជាតំបន់សេដ្ឋកិច្ចតាមសក្តានុពលផ្សេងៗគ្នា។

តាមដានជាមួយយើង៖ Million Times

នៅចំពោះមុខវាគ្មិន និងគណៈប្រតិភូមកពីធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកចំនួន ១៨ ផ្សេងទៀត លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងពីសម្ពាធលើឯករាជ្យភាពរបស់ធនាគារកណ្តាល ក្នុងការអនុវត្តនិងដឹកនាំនយោបាយរូបិយវត្ថុ ជាពិសេសធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើងមកពីមុខព្រួញចំនួនពីរ។

បើតាមការលើកឡើងរបស់លោកស្រី មុខព្រួញទី១ គឺការទប់ស្កាត់ការកើនឡើងនៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខានក្នុងការផ្គត់ផ្គង់ក្នុងបរិការណ៍នៃសង្រ្គាមនិងជម្លោះភូមិសាស្រ្តនយោបាយ។ ក្នុងមុខព្រួញនេះ ធនាគារកណ្តាលភាគច្រើនត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយសម្ពាធអតិផរណា។ ជាផលវិបាក វិធានការនេះបានដាក់សម្ពាធបន្ថែមលើកំណើនសេដ្ឋកិច្ចកំពុងមានល្បឿនយឺតស្រាប់។

មុខព្រួញទី២ ធនាគារកណ្តាលក្នុងប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ត្រូវបង្ខំចិត្តកែសម្រួលនយោបាយរូបិយវត្ថុ ជាពិសេស អត្រាការប្រាក់គោល ឱ្យស្របតាមជំហរនយោបាយរូបិយវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជា សហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បើទោះបីជាអតិផរណានៅប្រទេសទាំងនោះស្ថិតនៅកម្រិតទាបក្តី។ វិធានការសម្រួលនយោបាយរូបិយវត្ថុនេះនឹងដាក់សម្ពាធលើកិច្ចខំប្រឹងប្រែងដើម្បីជំរុញកំណើន។

ទន្ទឹមនេះ លោកស្រីក៏បានលើកឡើងពីអនុសាសន៍ជាគោលនយោបាយ សម្រាប់ជំរុញកំណើនក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន តាមរយៈការលើកកម្ពស់ផលិតភាព ជាពិសេស ការចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ ដូចជា បញ្ញាសិប្បនិម្មិត្ត (AI) និងការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតងជាដើម៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ធនាគារជាតិ