ថ្មីៗនេះគ្រឹះស្ថានអង្គររកប្រាក់ចំណូលជិត ៦ លានដុល្លារពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរជូនភ្ញៀវបរទេស កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។ នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ។


ការប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបង្ហាញថា រយៈពេលមួយខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ គ្រឹះស្ថានអង្គរ បានប្រាក់ចំណូល ៥ ៩២០ ៨៧២ ដុល្លារ ពីការលក់សំបុត្រទៅភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ។
ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា កាលពីខែវិច្ឆិកាកន្លង អ្នកទេសចរអន្តរជាតិ ១២៤ ១៣៦ នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការកើនឡើងជាង ២៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។
រយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែវិច្ឆិកាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៨៩៨ ៣៣៩ នាក់ កើនឡើងជាង២៨ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ៤១ ៩០៨ ៨៣៣ ដុល្លារ ដុល្លារអាមេរិក កើនឡើងជាង ២៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ កន្លងទៅ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប