ត្រឹម១០ខែ ឆ្នាំនេះ ផ្លូវអាកាសរវាងកម្ពុជា-ចិនមានអ្នកដំណើរជាង ៧០ ម៉ឺននាក់ កើនឡើង៨៣%

រយៈពេល ១០ ខែនៃឆ្នាំ ២០២៤ នេះ ការ​តភ្ជាប់​ជើង​ហោះហើរ​រវាង​កម្ពុជា និង​ប្រទេស​ចិន ទទួល​បាន​អ្នក​ដំណើរ ​ជាង ៧៣ ម៉ឺន​នាក់ ដែល​នោះ​ធ្វើ​ឲ្យ​មាន​កំណើន ៨៣% បើ​ធៀប​នឹង​រយៈពេល ១០ ខែ​កាលពី​ឆ្នាំ ២០២៣។

តាមដានជាមួយយើង៖ Million Times

ចំណែក​ចំនួន​ជើង​ហោះហើររ​វាង​កម្ពុជា-ចិន ត្រឹម​រយៈពេល ១០ ខែ​នេះ មាន ៥ ៤៨៦ ជើង កើន​ឡើង ៦០% បើ​ធៀប​នឹង​១០ ខែ កាលពី​ឆ្នាំមុន ខណៈការដឹកជញ្ជូនទំនិញវិញ មាន ៦ ៣៤១ តោន កើន​ឡើង ៣៨ %ធៀប​នឹង​ឆ្នាំ ២០២៣ ដូចគ្នា។ នេះបើតាមការចុះផ្សាយពីព័ត៌មាន Fresh News ដែលសម្ភាសន៍លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់​ថា បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ ដែល​បាន​ដំណើរ​ការ​ហោះហើរ​ទៅ​មក​រវាង​កម្ពុជាសាធារណរដ្ឋប្រជាមានិតចិន មាន ៨ និង​មាន​ហោះហើរ​សរុប ១៦០ ជើង​ក្នុង​មួយ​សប្តាហ៍។

ក្នុងនោះ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​មាន ២ គឺ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air និង ​Cambodia Airways ដែល​បាន​ភ្ជាប់​ជើង​ហោះហើរ ទៅ​មក​​ពី​ភ្នំពេញ​ទៅ​កាន់ ៩ ទីក្រុង​នៅ​ប្រទេស​ចិន រួមមាន ទីក្រុងក្វាងចូវ ហ្សិនចូវ ណាងនីង ស៊ានយ៉ា ធានហ្វូ ណានថុង ស៊ិនជិន ហៃគូ និងជុងជីង។ រីឯ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​មាន ៦ រួម​មាន​ក្រុមហ៊ុន​អាកាសចរណ៍ Air China , China Southern Airlines, China Easternes, Spring Airlines , Shenzhen Airlines និង Xiamen Airlines ដែលបានតភ្ជាប់ជើងហោះហើរ​មកទៅរវាងទីក្រុងប៉េកាំង ក្វាងចូវ សៀងហៃ ស៊ិនជិន គុនមីង ស្យាមិន ចុងជិង ​មកភ្នំពេញ។

ចំណែក​ជើងហោះហើរដែលបានភ្ជាប់ជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានតភ្ជាប់ ១ទីក្រុង គឺ គុនមីង-សៀមរាប ដែលបានហោះហើរ ៦ជើង​ក្នុង​មួយ​សប្តាហ៍​៕

អត្ថបទ៖ មេរ៉ា, រូបភាព Cambodia Airways