រដ្ឋមន្ត្រីក្រសួងកសិកម្មណែនាំ​​កសិករ​ដាំដុះស្រូវ​ ២ ប្រភេទ គឺផ្ការំដួល និងសែនក្រអូប ផ្តល់​ទិន្នផល​​ខ្ពស់

ទីផ្សារ​ស្រូវ​កម្ពុជា ដែល​មាន​ពូជ​ច្បាស់លាស់ ផ្ដល់​ទិន្នផល​ខ្ពស់ និង​មាន​ទីផ្សារ ខណៈ​ពូជស្រូវ​របស់​ខ្មែរ ២ ប្រភេទនោះ​ទទួល​បាន​ចំណាត់​ថ្នាក់​អង្ករ​ល្អ ថែម​ទាំង​មាន​ទីផ្សារ​ខ្លាំង​នៅ​ក្រៅ​ប្រទេស នោះ​គឺស្រូវផ្ការំដួល និងសែនក្រអូប។ រសជាតិ​ទៀត​នោះ​ឆ្ងាញ់ ក្លិន​​ក្រអូប​ឈ្ងុយ​តែម្ដង។

តាមដានជាមួយយើង៖ Million Times

នា​ឱកាស​ចុះ​ទៅ​ពិនិត្យ​សកម្មភាព​ផលិត​ពូជ​ស្រូវ និង​ចូលរួម​ច្រូត​កាត់​ប្រមូល​ផល​ស្រូវ​នៅ​ស្ថានីយ​កសិដ្ឋាន​ផលិត​ពូជ​ស្រូវ​ទួល​សំរោង ស្ថិត​នៅ​ភូមិអូរញ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​លើក​ឡើង​ថា ពូជស្រូវ​ខ្មែរ ២ ប្រភេទ កសិករ​គួរ​ជ្រើស​យក​ទៅ​ដាំ​ដុះ ព្រោះ​ផ្ដល់​ទិន្នផល​១ ហិកតា ៤ តោន នោះ គឺ​ស្រូវ​ផ្កា​រំដួល និង​សែន​ក្រអូប។

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ទៅ​ពិនិត្យ​កាល​ពី​រសៀល​ថ្ងៃ​២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នៅ កសិដ្ឋាន​ផលិត​ពូជ​ស្រូវ​ទួល​សំរោង ដែល​នោះ​ គឺជា​ទីតាំង​ផលិត​គ្រាប់​ពូជ​ស្រូវ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កសិដ្ឋាន​នេះ​ផលិត​គ្រាប់​ពូជ​ស្រូវ​ចំណាត់​ថ្នាក់​ចុះ​បញ្ជី​ប្រភេទ​ផ្កា​រំដួល​លើ​ផ្ទៃដី ១៧៥ ហិកតា និង​សែន​ក្រអូប០១ ចំនួន ៤៥ ហិកតា នា​រដូវ​វស្សា​ឆ្នាំ ២០២៤នេះ។

តាម​ការ​ពិនិត្យ​ជាក់ស្ដែង ស្រែ​ផលិត​គ្រាប់​ពូជ​ទាំង​អស់​មាន​លក្ខណៈ​សុទ្ធ​ល្អ ហើយ​កសិដ្ឋាន​នឹង​ផ្គត់ផ្គង់​សម្រាប់​សហគមន៍​កសិកម្ម​ក្នុង​ការ​ផលិត​គ្រាប់​ពូជ​វិញ្ញាបនបត្រ​បន្ត។ តាម​ការ​ប៉ាន់ស្មាន​ទិន្នផល​ដែល​ទទួល​បាន​ប្រមាណ ៤ តោន​ក្នុង​មួយ​ហិកតា។

លោក អ៊ីង ស៊ីណា ប្រធាន​កសិដ្ឋាន​ផលិត​ពូជ​ស្រូវ ទួល​សំរោង បាន​ឲ្យ​ដឹង​ថា កសិដ្ឋាន​ផលិត​ពូជ​ស្រូវ​ទួល​សំរោង បាន​ទទួល​គ្រាប់​ពូជ​គ្រឹះ ពី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា កាឌី(CARDI) ដើម្បី​យក​មក​ផលិត ជា​ពូជ​ចុះបញ្ជី និង​ត្រៀម​បញ្ចេញ​ទៅ​ឲ្យ​សហគមន៍​ផលិត​ទៅ​ជា​ពូជ​មាន​វិញ្ញាបនបត្រ ខណៈ​ពូជស្រូវទាំង២ប្រភេទនេះ គឺ​មាន​លក្ខណៈ​សុទ្ធ​ល្អ៕