ជនជាតិដើមភាគតិចនៅមណ្ឌលគិរី ប្រមូលផលស្រូវបូតដោយដៃ តាមប្រពៃណីបុរាណ

នា​រដូវ​លំហើយប្រជាកសិករខ្មែរចាប់ផ្ដើម​​ប្រមូល​ផល​ស្រូវហើយ ក្នុង​នោះ​​ជនជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌលគិរី​ ក៏ដូច​កសិករ​ទូទៅ​ផង​ដែរ។ តែ​មានភាព​ខុស​​ប្លែក​គ្នាត្រង់​​ប្រជាកសិករ​ទូទៅ​តំបន់​ទំនាប​កណ្ដាល ប្រមូល​ផល​ស្រូវ​រដូវវស្សាដោយការច្រូតកាត់ ហើយ​ខាង​ជនជាតិ​ដើម​ភាគ​តិច ធ្វើ​ឡើង​ដោយ​ដៃ​ផ្ទាល់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌលគិរី​ផ្ទាល់។

តាមដានជាមួយយើង៖ Million Times

ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​តំបន់​ខ្ពង់រាប មាន​របៀប​ប្រមូល​ផល​ស្រូវ​បូត​ដោយ​ដៃ រួច​បុក​និង​ត្បាល់​អង្រែ​ធំ​ៗតាម​វិធីសាស្ត្រ​បុរាណ។ លោក ភី ងូក ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង និង​ជា​ចៅ​សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ក៏​ជា​ម្ចាស់​ចម្ការ​ផ្ទាល់ មាន​ផ្ទៃដី​ជិត ១ ហិកតា នៅ​ភូមិ​ពូ​តាំង បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ផល​ស្រូវ បូត​ដោយ​ដៃ​នេះ គឺជា​ប្រពៃណី​ទំនៀមទម្លាប់​តាំង​ពី​បុរាណ ហើយ​ស្រូវ​ប្រភេទ​នេះ ជនជាតិ​ដើម​ភាគតិច តែងតែ​ធ្វើ​ការ​ដាំដុះ​នៅ​តាម​ចង្កេះ​ភ្នំ ឬ​ចម្ការ​ជម្រាល​មាត់​អូរ ត្រង់​នេះ​មួយ​ដុំ ត្រង់​នោះ​មួយ​ដុំ នៅ​តំបន់​មួយ​ចំនួនក្នុង​ខេត្ត​មណ្ឌលគិរី។

ស្រូវ​អង្ករ​ដែល​ជនជាតិ​ដើម​ភាគ​តិច​ព្នង បង្កបង្កើន​ផល​តាម​ចម្ការ​មាន​លក្ខណៈ​ខុស​ពី​ស្រូវប្រជាកសិករទូទៅ ហើយ​មាន​រសជាតិ​ឆ្ងាញ់ និង​មិន​ប្រើ​សារធាតុគីមី​នោះ​ទេ។ សម្រាប់​ការ​ដាំដុះ​ស្រូវ​នេះ ចាប់ពី​ចន្លោះ​ខែ​ឧសភា មិថុនា រហូត​ដល់​ស្រូវ​ទុំ​ចាប់ពី​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ចាប់ផ្ដើម​ប្រមូល​ផល ប្រវាស់​ដៃ​គ្នា​នៅ​ក្នុង​ភូមិ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

ចៅ​សង្កាត់​បាន​បន្ត​ថា​ ប្រជាពលរដ្ឋ​នៅ​សង្កាត់​រមនា​នេះ​ភាគច្រើន​ប្រកប​មុខ​របរ កសិកម្ម​ប្រមាណ ៩៥ %។ លោក​ក៏​សំណូមពរ​ប្រជាពលរដ្ឋ ជាពិសេស​ជនជាតិ​ដើម​ភាគ​តិច នៅ​ក្នុង​ខេត្ត ត្រូវ​ចូល​រួម​ថែ​រក្សា​ប្រពៃណី ទំនៀមទម្លាប់ សាសនា កុំ​ឲ្យ​បាត់បង់ ហើយ​ត្រូវ​បន្ត​ខិតខំ​ដាំ​ដុះ​ដំណាំ​យូរអង្វែង និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ជីវភាព​ល្អ​ប្រសើរ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា នៅ​ទូទាំង​ខេត្ត មាន​ផ្ទៃដី​ប្រមូល​ផល​ស្រូវ​ចម្ការ​សរុប​ ២១៤ ហិកតា ស្មើ​នឹង ២០,៨៤% លើ​ផ្ទៃ​ដី​អនុវត្តបាន​ទិន្នផលមធ្យម ១,០៦៨តោន/ហិកតា បរិមាណ​ផលសរុប ២២៨តោន៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី