អ្នកឧកញ៉ា និងជាម្ចាស់សាលាអន្តរជាតិដ៏ល្បី AIS លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានសញ្ជាតិខ្មែរ-អាមេរិក។ សេដ្ឋីរូបនេះ ក៏ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ដែលតែងតែចែករំលែកចំណេះដឹងផ្សេងៗទាំងការសិក្សា សុខភាព ដល់មហាជន ក៏ដូចជាអ្នកធុរកិច្ចដូចគ្នា។ ជានិច្ចកាលវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានសាលាជាច្រើនសាខារូបនេះ បានឲ្យដំបូន្មានល្អៗ ដល់សហគ្រិន មិនថាតាមរយៈការបង្ហោះសំណេរ និងវីដេអូ។
ម្ចាស់សាលាអន្តរជាតិដ៏ល្បីលោក គួច ម៉េងលី បានឲ្យដឹងថា សម្រាប់អ្នកចង់បើកជាអាជីវកម្ម ត្រូវត្រៀម ចំណុចសំខាន់ៗដូចខាងក្រោម៖
ចំណុចដំបូងនៃការបើកអាជីវកម្ម អ្នករកស៊ីត្រូវត្រៀមផ្នែកហិរញ្ញវត្ថុ៖ ក្នុងចំណុចនេះ វេជ្ជបណ្ឌិត គួច ម៉េងលី ចង់សំដៅទៅលើទំហំអាជីវកម្មប៉ុណ្ណា ចង់បានចំណូលប៉ុន្មាន? ចំណេញប៉ុន្មាន និងត្រូវដឹងពីចំនួនលុយដែលខ្លួនឯងមាន។ បើលោកអ្នកដែលចង់ចេញប្រកបអាជីវកម្មត្រូវដឹងពីចំណុចនេះសិន ចាំបន្តទៅជំហានបន្ទាប់។
ចំណុចទី២ ការរៀបចំ Budget (សំដៅដល់ផែនការចំណាយ)។ ក្នុងចំណុចបន្ទាប់នេះ អ្នកធ្វើអាជីវកម្មត្រូវដឹងថា ត្រូវចំណាយលើអ្វីជាមុនសិន។ ក្នុងនោះមានការចំណាយលើបុគ្គលិក ថ្លៃទឹក ថ្លៃភ្លើង Tax ថ្លៃជួល និងសម្ភារៈផ្សេងៗជាច្រើនទៀត។ មិនទាន់អស់ឡើយ អ្នកគ្រប់គ្រងត្រូវគិតទៅលើការជប់លៀងបុគ្គលិក ប្រាក់បន្ថែម ដែលអ្វីទាំងអស់នេះ ហៅថាគម្រោងចាយ។ គម្រោងចាយ ឬគម្រោងចំណាយនេះ អាជីវករត្រូវមានតាំងពី A ដល់ Z នៅពេលមានគម្រោងចំណូលចំណាយអស់ទាំងនោះហើយ អ្នកអាចឈានទៅដល់ការធ្វើ cash flow ឬលំហូរសាច់ប្រាក់ដែលមាន។ អ្នកឧកញ៉ា បានលើកឧទាហរណ៍ជាក់ស្ដែងថា នៅពេលមាន cash flow អាចធ្វើឲ្យអាជីវករមិនផុតដៃ (សំដៅប្រាក់មានជាប់រហូត)។
ដូចនេះក្រុមហ៊ុនភាគច្រើនរៀប cash flow មួយឆ្នាំម្ដង ឬក្រុមហ៊ុនធំៗខ្លះរៀប ៥ ទៅ ១០ ឆ្នាំម្ដង ដើម្បីបង្ការមិនឲ្យខែណាមួយដាច់លុយឡើយ ព្រោះនៅពេលដាច់លុយ គឺក្រុមហ៊ុននោះរលំ។ ក្នុង cash flow ត្រូវសិក្សាស៊ីជម្រៅពីការរកស៊ីរបស់អ្នកជំនួញ ថាត្រូវធ្វើអ្វីខ្លះ ត្រូវចំណាយលើអ្វីខ្លះ ត្រូវដឹងថាអ្វីដែលសំខាន់បំផុត ត្រូវវាយតម្លៃពីរបស់ដែលត្រូវចាយ ដឹងដឹងថាខែណាចំណូលចូលច្រើន និងដឹងថាខែណាចំណូលបានតិច។
ចំណុចទី៣ ទំនាក់ទំនងល្អជាមួយធនាគារ lander ញាតិមិត្ត បងប្អូន។ សម្រាប់ចំណុចនេះអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបញ្ជាក់ថា ការរកស៊ី ត្រូវមានទំនាក់ទំនងល្អជាមួយស្ថាប័នធនាគារ ឬក៏ស្ថាប័នក្រេឌីតណាមួយ ឬចាស់ទុំណាមួយដែលមានលុយ និងត្រូវនិយាយគ្នាទុកមុនពេលមានបញ្ហា។ សម្រាប់ធនាគារលោកបណ្ឌិតរូបនេះ បានឲ្យដឹងថា មិនគួរដូរធនាគារចុះឡើងឡើយ ប្រើតែធនាគារមួយ ដើម្បីរក្សាក្រេឌីតឲ្យបានល្អ និងបង់ឲ្យទៀងទាត់ បង់គ្រប់ចំនួន ព្រមទាំងរក្សាទំនាក់ទំនងល្អជាមួយធនាគារឲ្យជាប់លាប់មិនថាក្នុងឱកាសអ្វី ត្រូវមានពាក្យជូនពរផ្សេងៗ នៅពេលផុតដៃ (ខ្វះខាតលុយរយៈពេលខ្លី) នោះធនាគារពិតជាមិនទុកអ្នកចោលឡើយ។ ម្ចាស់សាលា AIS រូបនេះ បញ្ជាក់ថា ក្នុងការរកស៊ីចំណុចទី៣ សំខាន់ខ្លះណាស់ នៅពេលមានទំនាក់ទំនងល្អជាមួយម្ចាស់ក្រេឌីត៕
អត្ថបទ៖ មេរ៉ា, រូបភាព FB Mengly J. Quach