លោកស្រី ឡេង ដាវី ជាប្រធានក្រុមហ៊ុន Rithy Granite Cambodia ដែលរកស៊ី និងផ្គត់ផ្គង់ថ្មក្រានីត ថ្មម៉ាប ដ៏ធំមួយក្នុងប្រទេសកម្ពុជា។ ថ្វីដ្បតិតែជាស្ត្រី តែ CEO រូបនេះមិនដែលរុញរាក្នុងការប្រឡូកចូលក្នុងវិស័យជំនួញថ្ម ដែលជាអាជីវកម្មរុករករ៉ែ ដែលចុះទៅតាមការដ្ឋានក្នុងព្រៃផ្លូវឆ្ងាយ និងចេញទៅជួបអតិថិជននោះឡើយ។
ថ្លែងប្រាប់គេហទំព័រ Million Times អគ្គនាយិការូបនេះ បានសិក្សារៀនសូត្របន្តពីឪពុក គឺលោកឧកញ៉ា ឡេង ឬទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុន ឡេង ឬទ្ធី គ្រុប ពីអាជីវកម្មរុករករ៉ែនេះ ដោយចេះចាំបានយ៉ាងល្អ រហូតធ្វើឲ្យលោកស្រីមានឱកាសជាតំណាងក្រុមហ៊ុនចូលរួមកម្មវិធីជាច្រើនទាក់ទងនឹងការតាំងបង្ហាញថ្មក្រានីត និងថ្មម៉ាប មិនថាក្នុង ឬក្រៅប្រទេសឡើយ។
![](https://www.millionstimes.com/wp-content/uploads/2024/04/Telegram-icon.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/image-50-768x1024.png)
លោកស្រីថ្លែងថា ដូចកាលពីប៉ុន្មានខែមុនលោកស្រីបានតំណាងក្រុមហ៊ុន ឫទ្ធី ក្រានីត (ខេមបូឌា) និងក្រុមហ៊ុន ឫទ្ធី2ធ្នូ អ៊ិនវេសមេន ចូលរួមតាំងពិព័រណ៍ចិន-អាស៊ាន លើកទី២១ “The 21th China-ASEAN Expo”ធ្វើឡើងកាលពីថ្ងៃ ២៤-២៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណានីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ដោយក្រុមហ៊ុនបានដាក់បង្ហាញទៅកាន់អាស៊ាន និងចិន ព្រមទាំងអ្នកវិនិយោគទូទាំងពិភពលោកឲ្យបានស្គាល់ ពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។ មិនត្រឹមទៅតាំងបង្ហាញថ្មប្រណីតរបស់ខ្មែរនៅចិនប៉ុណ្ណោះទេ CEO ដាវី ក៏បានទៅចូលរួមព្រឹត្តិការណ៍តាំងបង្ហាញថ្មម៉ាប Marmomac នៅ Verona Stone Fiere ដែលមានទីតាំងនៅប្រទេសអ៊ីតាលីទៀតផង។
ស្ត្រី CEO វ័យក្មេងរូបនេះ បានរៀបរាប់ពីប្រវត្តិកសាងក្រុមហ៊ុនរបស់ឪពុកសេដ្ឋី ឡេង ឬទ្ធី ដែលលោកមានអាជីវកម្មជាច្រើនក្នុងដៃ ហើយអាជីវកម្មល្បីល្បាញបំផុតនោះ ការរុករករ៉ែថ្មនេះឯង ដោយចាប់ផ្ដើមពីឆ្នាំ ១៩៩៦ ហើយតំបន់រុករកដំបូងគឺស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ពីក្នុងព្រៃ ដើម្បីស្វែងរកថ្មសំណង់កែច្នៃ ហើយពេលនោះក៏កែច្នៃបានទៅជាថ្មក្រានីត។ នៅឆ្នាំ ២០០៤ ទើបបានបង្កើតរោងចក្រអាថ្មនោះបាន រហូតមកដល់ឆ្នាំ ២០០៦-២០០៧ ទើបរោងចក្រអាចអាថ្មបាន ២ ទៅ ៣ ពាន់ការ៉េ/ខែ។
![](https://www.millionstimes.com/wp-content/uploads/2024/11/image-47-768x1024.png)
មកដល់ឆ្នាំ ២០០៩ ទើបក្រុមហ៊ុន Rithy Granite Cambodia ទាក់ទាញបានវិនិយោគិនពីចិន ព្រមមកជាមួយអ្នកជំនាញផងដែរ។ ការចូលរួមអភិវឌ្ឍន៍វិស័យរុករករ៉ែនោះបានរីកចម្រើនម្ដងបន្តិចៗនៅឆ្នាំ ២០១២ ហើយខ្លាំងបំផុតនាឆ្នាំ ២០២៦ ដល់ ២០១៩ រហូតមកដល់បច្ចុប្បន្ន Rithy Granite មានរោងចក្ររហូតទៅដល់ ៣០ ជាងរោងចក្រ។
ក្រុមហ៊ុន Rithy Granite Cambodia បានចែកចាយថ្មក្រានីត និងម៉ាបពីធម្មជាតិជាច្រើនពណ៌ ទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក។ បើនិយាយពីប្រភេទថ្មធម្មជាតិដែលក្រុមហ៊ុន Rithy Granite Cambodia រុករកឃើញមាននៅខេត្តក្រចេះ កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង ។ ចំណុចពិសេសដែលថ្មធម្មជាតិរបស់កម្ពុជារកឃើញ គឺនៅក្រោមដី មិនដូចថ្មប្រទេសដទៃនៅក្នុងភ្នំ។
គួរបញ្ជាក់ផងដែរថា លោកស្រី ឡេង ដាវី មិនត្រឹមតែជា CEO Rithy Granite Cambodia ឡើយ ស្រ្តីខ្លាំងរូបនេះ ក៏បានរួមចំណែកយ៉ាងសកម្មក្នុងជំនួញកៅស៊ូ និងស្រូវអង្ករ របស់ឪពុកខ្លួន គឺឧកញ៉ា ឡេង ឬទ្ធី ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់៕
![](https://www.millionstimes.com/wp-content/uploads/2024/11/image-56-1024x682.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/image-57-1024x768.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/image-48-1024x644.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/image-49-1024x667.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/image-51-1024x768.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/image-52-1024x768.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/image-53-1024x767.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/image-54-721x1024.png)
![](https://www.millionstimes.com/wp-content/uploads/2024/11/image-55-768x1024.png)
អត្ថបទ៖ មេរ៉ា រូបភាព៖ ផ្តល់ឲ្យ