មួយរយៈនេះហាងឆេងមាសមានការផ្លាស់ប្ដូរ ដែលកំពុងតែឡើងស្រឺតៗ ស្រាប់តែធ្លាក់ថ្លៃចុះវិញ ក្រោយស្ថានភាពសេដ្ឋកិច្ចសកលលោក បម្រែបម្រួលមិនឈប់ ធ្វើឲ្យអ្នកវិនិយោគខ្នាតតូច ឬហៅថាលក្ខណៈគ្រួសារព្រួយបារម្ភជាខ្លាំង។


ផ្អែកតាមអ្នកជំនួញផ្នែកហាងឆេងមាសពីហាង ហាក់ គន្ធា-Hakkunthea Jewelry បានឲ្យដឹងក្នុងវីដេអូឡាយថា មាសតែងតែមានតម្លៃឡើងចុះ ព្រោះនោះគឺជារឿងធម្មតា។ លោកស្រី ហាក់ គន្ធា បានបញ្ជាក់ថា អ្នកទិញមាសនៅក្នុងតម្លៃជាង ៣០០ ដុល្លារក្នុងមួយជី កុំស្លន់ស្លោ ពេលឃើញមាសធ្លាក់ថ្លៃ ព្រោះការទិញមាសទុករយៈពេលវែង គឺជាទុនបម្រុង ទុកជាទ្រព្យសាគួរ។
ដូចនេះការទិញមាសរយៈពេល ៤-១០ ថ្ងៃ ឬ១ខែ ហើយតម្លៃមាសចុះថ្លៃ មិនមែនជាបញ្ហាឡើយ គួរទុកបន្តទៀត។ អំឡុងសប្ដាហ៍មុន តម្លៃមាសបានធ្លាក់ចុះរហូតដល់ ៣០៨ ដុល្លារ/ជី ដែលធ្វើឲ្យអ្នកទិញមាសក្នុងតម្លៃជាង ៣០០ ដុល្លារ/ជី ភ័យ បារម្ភ ខ្លាចមាសបន្តធ្លាក់ថ្ងៃរហូត។


សម្រាប់ដំបូន្មានពីអ្នកអាជីពផ្នែកអាជីវកម្មមាសរូបនេះថា ប្រសិនបើមាសធ្លាក់ថ្លៃ ដំណោះស្រាយកុំឲ្យអ្នកទិញ មានភាពច្របូកច្របល់ពេលតម្លៃហាងឆេងមាសធ្លាក់ថ្លៃ គួរផ្អាកការតាមដានសិន។ ព្រោះបើតាមបទពិសោធន៍រាប់សិបឆ្នាំរបស់លោកស្រី បានឲ្យដឹងថា បើទោះជាតម្លៃមាសធ្លាក់ចុះ ក៏មិនបន្តធ្លាក់ចុះដល់តម្លៃដើមឡើយ ឧទាហរណ៍ថាមាសតម្លៃ ៣៣៦ ដុល្លារ មិនអាចធ្លាក់មកនៅត្រឹមតម្លៃជាង ២០០ ដុល្លារវិញទេ ឬក៏និយាយឲ្យស្រួលស្ដាប់គឺមិនចុះមកដល់ក្រោម ៣០០ ដុល្លារ។ មកទល់ថ្ងៃនេះ ពិតជាដូចការលើកឡើងរបស់អ្នកស្រី ដែលប្រាប់ដល់អតិថិជន និងមហាជនតាមបណ្ដាញសង្គមដូច្នោះដែរ បើទោះជាមិនមែនអ្នកព្យាករអាជីព ប៉ុន្តែលោកស្រីអាចមើលដឹងពីអត្តចរិតតម្លៃមាស។
ម្ចាស់ហាង ហាក់ គន្ធា-Hakkunthea Jewelry បានបន្តថា នៅពេលមាសធ្លាក់ថ្លៃ វានឹងបកឡើងថ្លៃវិញជាក់ជាមិនខាន។ លោកស្រីបញ្ជាក់ថា ត្រឹមរយៈពេល ២ ថ្ងៃប៉ុណ្ណោះហាងឆេងមាសមួយតម្លឹង ឡើងបាន ១០០ ដុល្លារវិញបាត់ហើយ មានន័យថា ១ ជីឡើងបាន ១០ ដុល្លារវិញ។
ក្នុងនាមជាអាជីវកម្មលោកស្រីបានលើកឡើងក្នុងការផ្សាយបន្តផ្ទាល់ថា មិនចង់ឲ្យអតិថិជនយកមាសមកលក់ឲ្យខ្លួនវិញ ពេលធ្លាក់ថ្លៃ ទាំងដែលជាផលចំណេញដល់ខ្លួនឯងសោះនោះទេ ព្រោះលោកស្រី ចង់ឲ្យអតិថិជនបានចំណេញ ហើយហាងរបស់ខ្លួនក៏ចំណេញដូចគ្នា ដែលនោះគឺជាការរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិទាំងអស់គ្នា។
កាលពីថ្ងៃ ១៤ ១៥ ខែវិច្ឆិកា២០២៤ តម្លៃមាសលក់ចេញ ៣០៨ ដុល្លារ/ជី និង ២៩៨ ដុល្លារ/ជី ក្នុងតម្លៃទិញចូល តែមកដល់ថ្ងៃនេះ ហាងឆេងមាសលក់ចេញ ៣២០ ដុល្លារ/ជី និង ៣១០ ដុល្លារ/ជី។ ចំណែកតម្លៃមាសដែលបានខ្ពស់បំផុត ៣៣៦ ដុល្លារ/ជី លក់ចេញ និង ៣២៦ ដុល្លារ/ជី ទិញចូល កាលពីថ្ងៃ ៣១ ខែតុលា៕


អត្ថបទ៖ មេរ៉ា, រូបភាព អ៊ីនធឺតណេត និង FB Hak Kunthea