មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានធ្វើការព្រមានកាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា ការដំឡើងពន្ធនាំចូលទំនិញ ដែលអនាគតប្រធានាធិបតីអាមេរិក Donald Trump គ្រោងអនុវត្ត នឹងធ្វើឲ្យមានការកកស្ទះ ដល់កំណើនសេដ្ឋកិច្ចអាស៊ី។


សារព័ត៌មាន Reuters បានចុះផ្សាយថា នាយក IMF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Krishna Srinivasan បាននិយាយថា ការដំឡើងពន្ធបែបសងសឹក នឹងធ្វើឲ្យមានហានិភ័យដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងអាចឈានដល់ការកកស្ទះសង្វាក់ផ្គត់ផ្គង់កាន់តែយូរអង្វែងថែមទៀត។
ការលើកឡើងបែបនេះរបស់លោក Srinivasan កើតឡើងក្រោយប្រធានាធិបតីជាប់ឆ្នោត Trump មានគម្រោងបង្កើនពន្ធនាំចូលទំនិញពីប្រទេសចិន ៦០% និងពីបណ្ដាប្រទេសផ្សេងៗ ១០% បន្ថែមទៀត។
ការដំឡើងពន្ធនាំចូលទំនិញ នឹងរារាំងដល់ការធ្វើពាណិជ្ជកម្មសកល រារាំងកំណើននាំចេញនៃប្រទេសមួយចំនួន និងអាចកើតមានហានិភ័យអតិផរណាកាន់តែធ្ងន់ នៅសហរដ្ឋអាមេរិកមួយកម្រិតថែមទៀត។
IMF ក៏បានបង្ហាញក្ដីបារម្ភទៀតថា បើសិនជាកំណើនសេដ្ឋកិច្ចនៅអាស៊ី ជួបភាពកកស្ទះ នោះស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏នឹងជួបប្រទះភាពជាប់គាំងដូចគ្នា ដ្បិតសេដ្ឋកិច្ចនៅអាស៊ី គឺជាសូចនាករសំខាន់បំផុតមួយ ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចពិភពលោកទាំងមូល៕
អត្ថបទ៖ Luffy រូបភាព៖ Harici