នៅក្នុងជំនួបជាមួយអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នៅអាគាររដ្ឋបាលខេត្ត អ្នកវិនិយោគមកពីចិន លោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group បានអះអាងថា ក្រុមហ៊ុនលោកស្រីនឹងទម្លាក់ទុនប្រមាណ ១.៣ ពាន់លានដុល្លារ ដើម្បីបង្កើតសួនឧស្សាហកម្ម លើទំហំដី ១០០០ ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខនេះ។


លោកស្រី ចាង វេនហ្សា បានលើកឡើងថា កំពង់ស្ពឺ គឺជាខេត្តដែលមានសក្ដានុពលខ្លាំងស្របតាមចក្ខុវិស័យរបស់លោកស្រីដែលចង់ដាក់ទុនរកស៊ី ពិសេសជាខេត្តគោលដៅ សម្រាប់ក្រុមហ៊ុនដាក់ស្នាក់ការកណ្ដាល សម្រាប់កិច្ចការទីផ្សារកម្ពុជា អាស៊ីអាគ្នេយ៍ និងអន្តរជាតិ។
អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group បញ្ជាក់ថា ឆាប់ៗខាងមុខនេះបានបញ្ជាក់ថា សួនឧស្សាហកម្មដែលក្រុមហ៊ុនគ្រោងនឹងបើកនេះ គឺផ្ដោតលើកែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្ដាលសម្រេច ព្រមទាំងសួនឧស្សាហកម្មដទៃទៀត ដែលបម្រើឲ្យតម្រូវការជាក់ស្ដែងរបស់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួននៅឯប្រទេសចិន។

ក្នុងគម្រោងនេះ នឹងមានសួនឧស្សាហកម្មសរុប ១៤ ដែលនឹងត្រូវស្ថាបនាលើផ្ទៃដីប្រមាណ ១០០០ ហិកតា ក្រោមទុនវិនិយោគប្រមាណ ១.៣ ពាន់លានដុល្លារអាមេរិក ដោយរំពឹងថានឹងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបជាង ៣ ០០០ នាក់។
ជុំវិញរឿងនេះអភិបាលខេត្តកំពង់ស្ពឺ ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការជ្រើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅ សម្រាប់វិនិយោគរបស់ក្រុមហ៊ុនជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយលោករំពឹងថា វត្តមានសួនឧស្សាហកម្មថ្មីមួយនេះ នឹងជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងបណ្ដាខេត្តផ្សេងទៀត។

នាយិកាក្រុមហ៊ុននេះ បញ្ជាក់ថា សួនឧស្សាហកម្មថ្មីនេះ នឹងដំណើការដោយការប្រើប្រាស់បច្ចេកវិទ្យា AI និង Technology ឧស្សាហកម្មចុងក្រោយបំផុត (360° Service System) ដែលអាចសន្និដ្ឋានបានថា ជាសួនឧស្សាហកម្មដែលនាំមកនូវបច្ចេកវិទ្យាចុងក្រោយ ឲ្យមានវត្តមាននៅកម្ពុជា៕



អត្ថបទ៖ មេរ៉ា, រូបភាព cpp.org.kh