រយៈពេល ១០ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបាន ៦៧៤លានផោន ឬប្រមាណ ៨៥០ លានដុល្លារ ដែលចំនួននេះកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា និងចក្រភពអង់គ្លេស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។


លោកស្រីបញ្ជាក់ថា រយៈពេល១០ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបាន ៦៧៤លានផោន ឬ៨៥០ លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលការនាំចេញរបស់កម្ពុជា ទៅកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៤ មានកំណើន ២១% ក្នុងនោះផងដែរ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់ គឺឈរលើលំដាប់កំពូលទាំង៣ នៃមុខទំនិញនាំចេញទាំងអស់។
ជាមួយនឹងលក្ខខណ្ឌពាណិជ្ជកម្មដែលមានអំណោយផល ផ្តល់ដោយចក្រភពអង់គ្លេស លោកស្រីកត់សម្គាល់ឃើញថា ការនាំចេញផលិតផលធ្វើដំណើរ មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៧៦.២៣% ធៀបនឹងឆ្នាំមុន។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថា គិតត្រឹមរយៈពេល១០ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃជាង៤៥.៥ប៊ីលានដុល្លារ ក្នុងនោះការនាំចេញផលិតផលវាយនភណ្ឌមានតម្លៃប្រមាណ ៤០៦លានដុល្លារ កើនឡើង ១៤.៤៧% នាំចេញផលិតផលសម្លៀកបំពាក់ ឈានដល់ជាង៨ប៊ីលានដុល្លារ កើនឡើង២៣.៦៦% និងការនាំចេញស្បែកជើងមានតម្លៃ១.៣ប៊ីលានដុល្លារ កើនឡើង២២.៣៣%៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងពាណិជ្ជកម្ម