នាយ ពាក់មី បានបង្កើតកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដែលបានរឭកអនុស្សាវរីយ ច្រូតស្រូវ បោកស្រូវ បែនស្រូវ និងបញ្ជាន់ស្រូវ ព្រមទាំងដាល់អំបុកជុំគ្នា តាមបែបប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរ។


បណ្ដាញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” និងត្រូវបានមហាជនគាំទ្រខ្លាំង។ មនុស្សកុះករបានចូលរួមក្នុងកម្មវិធីនោះតាំងពីចាប់ផ្ដើម រហូតដល់ចប់ ដោយបានបង្ហាញពីសាមគ្គីភាព ក៏ដូចជាធ្វើឲ្យអ្នកទាំងនោះមានអារម្មណ៍ ដូចបានវិលទៅកាន់សម័យធ្វើស្រែ បែបបុរាណកាលពីជំនាន់មិនទាន់មានគ្រឿងចក្រសម្បូរបែបដូចសព្វថ្ងៃ។
មិនត្រឹមតែបង្ហាញពីរបៀបប្រមូលផលស្រូវ និងយកទៅធ្វើអំបុកភ្លាមៗនោះទេ ក្នុងកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” រៀបចំដោយ នាយ ពាក់មី ក៏បានដាក់តាំងបង្ហាញពីឧបករណ៍ប្រើប្រាស់ក្នុងការធ្វើកសិកម្ម និងនេសាទ បន្សល់ទុកតាំងពីដូនតាខ្មែរមកម្ល៉េះ។

ការប្រមូលផលបែបបុរាណដែលមានការចូលរួមពីប្រជាកសិករច្រើនដូចក្នុងរូបភាព តែបើក្រឡេកទៅមើលតាមបែបជាក់ស្ដែងកាលពីជាង ២០ ឆ្នាំមុន ពួកគាត់ពិបាកខ្លាំងណាស់ ព្រោះត្រូវប្រើកម្លាំងមនុស្ស និងកម្លាំងសត្វទាំងស្រុងមិនដូចការធ្វើកសិកម្ម នៅសម័យនេះទេមានគ្រឿងចក្រជួយសម្រួលដល់កម្លាំងមនុស្សបានច្រើន។
តែទោះជាយ៉ាងណា អ្នកបានឃើញហើយពិតជាចង់ឲ្យមានការរៀបចំកម្មវិធីបែបនេះរាល់ឆ្នាំ ដើម្បីឲ្យក្មេងជំនាន់ក្រោយស្គាល់ពីរបៀបធ្វើកសិកម្ម បែបបុរាណតាំងពីជំនាន់មុនៗមក។
កសិកម្មខ្មែរ គឺជាសរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជាតាំងពីសម័យបុរាណ រហូតមកទល់ពេលនេះ គ្រាន់តែការវិវត្តន៍តាមរបត់នៃគ្រឿងចក្រ ដែលអាចជួយសម្រួលបានមួយផ្នែកធំដល់កសិករ៕









អត្ថបទ៖ មេរ៉ា, រូបភាព៖ FB ចែម ចាន់រ៉ា