ក្រុមហ៊ុន Golden Intergrity International Investment Group បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គម្រោងស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។
លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការបង្កើតសួនឧស្សាហកម្មនេះ ដោយមើលឃើញថា គម្រោងនេះនឹងផ្តល់ការងារប្រមាណ៥ម៉ឺន ទៅ៦ម៉ឺនកន្លែងបន្ថែមទៀត។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺគឺជាគោលដៅយ៉ាងសំខាន់ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់នូវឱកាសការងារជាច្រើន ទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងក្នុងខេត្តជុំវិញ។
លោករដ្ឋមន្ត្រី មើលឃើញថា ការទទួលបានការវិនិយោគគម្រោងដ៏ធំនេះ គឺបង្ហាញថាខេត្តកំពង់ស្ពឺ មានសក្តានុពលគ្រប់គ្រាន់សម្រាប់វិនិយោគិន និងមានការគាំពារបានយ៉ាងល្អពីអាជ្ញាធរខេត្ត ជាពិសេសគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំយកការវិនិយោគ និងបង្កើតការងារឱ្យនៅជិតមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងការងារ