មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានពីហានិភ័យនៃកំណើនសេដ្ឋកិច្ចអាស៊ី បន្ទាប់ពីមើលឃើញថា ការធ្វើពាណិជ្ជកម្មរបស់ចិន កំពុងជួបប្រទះភាពតានតឹង អាចបណ្ដាលឲ្យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី មានកំណើនយឺត។


យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា សម្ពាធនៃតម្លៃទំនិញបន្តធ្លាក់ចុះពីចិន នឹងបង្កឲ្យកើតមាននូវភាពតានតឹងពាណិជ្ជកម្ម ហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើន នៅក្នុងប្រទេសដែលមានលក្ខណៈនាំចេញស្រដៀងគ្នាក្នុងតំបន់។
IMF បានអំពាវនាវឲ្យរដ្ឋាភិបាលចិន ប្រញាប់រកវិធីដោះស្រាយនូវបញ្ហាមួយនេះ ដើម្បីអាចសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលជំរុញដោយការធ្វើពាណិជ្ជកម្មឆ្លងប្រទេស។
IMF បាននិយាយនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីថា៖ ការធ្លាក់តម្លៃទំនិញយូរជាង និងច្រើនជាងការរំពឹងទុកក្នុងប្រទេសចិន នឹងបង្កគ្រោះថ្នាក់ទាំងក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោក។ រដ្ឋាភិបាលចិន គួរតែចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាមួយនេះ។
សូមជម្រាបដែរថា ប្រទេសចិនដើរតួយ៉ាងសំខាន់ នៅក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក ដោយមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី២ គ្រប់គ្រងការនាំចេញសរុប ១០% ទូទាំងសកលលោក និងជាប្រភពនៃសង្វាក់ផលិតកម្មធំបំផុតមួយលើលោកថែមទៀត។ ដូច្នេះហើយបើសិនជាចិន ជួបភាពតានតឹងនៃពាណិជ្ជកម្ម នោះការធ្វើពាណិជ្ជកម្មទូទាំងសកលលោក ក៏ប្រឈមនឹងហានិភ័យដូចគ្នា៕
អត្ថបទ៖ Luffy រូបភាព៖ New York Times