អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ទឹកប្រាក់ចំនួន ៦០០លានដុល្លារអាមេរិកត្រូវបានចាក់ចូលក្នុងវិស័យកាត់ដេរជារៀងរាល់ខែតាមរយៈអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិតទទួលបានពីប្រាក់ឈ្នួលប្រចាំខែ ខណៈការធ្វើការថែមម៉ោងក៏មានកំណើនបណ្តើរហើយនៅឆ្នាំត្រឹមខែតុលា ឆ្នាំ២០២៤នេះ។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកិច្ចពិភាក្សាស្ដីពី «វិធានការគោលនយោបាយទូទៅ និងគោលនយោបាយគាំពារសង្គម សម្រាប់ប្រជាពលរដ្ឋ» រៀបចំដោយទូរទស្សន៍ជាតិ ទទក បានថ្លែងថា ការប៉ានស្មានសេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ នឹងមានកំណើន ៦.៥% ប៉ុន្តែប្រជាពលរដ្ឋតែងតែរអ៊ូរទាំរកចំណូលមិនបាន បែរជារាជរដ្ឋាភិបាលព្យាករចេះទៅឡើង។ ត្រង់ចំណោទនេះ លោកលើកឡើងថា ការកើនឡើងនៃសេដ្ឋកិច្ចគឺទៅតាមវិស័យខុសគ្នាៗ ដោយវិស័យខ្លះក៏កំពុងមានកំណើនយឺត វិស័យខ្លះក៏មានកំណើនលឿន។


បើតាមលោកបណ្ឌិតវិស័យឧស្សាហកម្មបច្ចុប្បន្នកំពុងមានកំណើនខ្លាំង ក្នុងនោះវិស័យកាត់ដេរកើនឡើង ២៣% ហើយវិស័យមិនមែនកាត់ដេរមានកំណើន ១២% បើតាមទិន្នន័យសរុបនៃផលិតផលិតក្នុងស្រុកសរុប ផ.ស.ស.។ លោកថ្លែងថា៖ «ការចាក់លុយចូលក្នុងវិស័យកាត់ដេរដែលកម្មករនិយោជិតទទួលបានផលប្រយោជន៍ពីប្រាក់ឈ្នួលសរុបប្រហែលជា ៦០០លានដុល្លារអាមេរិកក្នុងមួយខែ ក្នុងនោះ ៣០០លានទៅលើវិស័យកាត់ដេរ និងទឹកប្រាក់ ៣០០លានទៀតទៅលើវិស័យមិនមែនកាត់ដេរ»។
លោកបណ្ឌិតគូសបញ្ជាក់ថា ការធ្វើការថែមម៉ោងរបស់កម្មករចាប់ផ្តើមមានកំណើនបណ្តើរៗហើយ ដោយសារការបញ្ជាទិញមានការកើនឡើងនៅត្រឹមខែតុលា ឆ្នាំ២០២៤នេះ។ ការណ៍នេះលោកបានសង្កត់ធ្ងន់ថា ស្ថានភាពស្ថេរភាពនយោយ និងសន្តិភាពក្នុងប្រទេសកម្ពុជា បានធានានៃកំណើន ក៏ប៉ុន្តែកំណើននៅសល់វិស័យមួយចំនួនទៀតមានកំណើនទាបនៅឡើយ ដូចជាវិស័យកសិកម្មក៏កំពុងមានកំណើនយឺតដែរ ដោយសារធ្វើគោលនយោបាយកសិកម្មមិនទាន់ឆ្លើយតបភ្លាមៗនៅឡើយ ខណៈវិស័យលក់រាយ និងលក់ដុំក៏មានកំណើនយឺត ក៏ព្រោះការប្រើប្រាស់ក្នុងស្រុកមានការធ្លាក់ចុះ។
ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករកាត់ដេរនឹងទ្បើងដល់ ២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបោះឆ្នោតដំឡើង ២ដុល្លារ និងនាយករដ្ឋមន្ត្រីសម្រេចបន្ថែម ២ដុល្លារទៀតលើប្រាក់ឈ្នួលបច្ចុប្បន្ន។ ចំណែកអត្ថប្រយោជន៍ផ្សេងៗទៀត គឺនៅរក្សាដដែលសម្រាប់កម្មករ ចន្លោះពី២២៥ដុល្លារយ៉ាងតិច។ នេះបើលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារថ្លែងប្រាប់អ្នកសារព័ត៌មាន។
លោក ហេង សួរ ថ្លែងថា៖ «រដ្ឋាភិបាលបន្តឲ្យមានកំណើនប្រាក់ឈ្នួលអប្បបរមាជាបន្តទៀត។ មុននេះដែរសម្ដេចធិបតីក៏បានបញ្ជាក់ដែរថា ក្រៅពីតំឡើងប្រាក់ឈ្នួលរដ្ឋាភិបាលនឹងបន្តអន្តរាគមន៍ដើម្បីរក្សានូវស្ថិរភាពតម្លៃ ដើម្បីធ្វើម៉េចឲ្យចំណាយការរស់នៅរបស់កម្មករដូចជាចំណាយផ្ទះជួល គឺយើងនឹងបន្តតាមដានដើម្បីធ្វើម៉េចឲ្យសមស្រប កុំឲ្យឡើងថ្លៃហួសហេតុពេក ប៉ះពាល់ដល់បងប្អូនកម្មករ»។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនឹងត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ចំពោះកម្មករនិយោជិតពេញសិទ្ធិ ។ និងចំនួន២០៦ ដុល្លារក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។ ទន្ទឹមនឹងនេះប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបាន ត្រូវរក្សាទុកដដែល ដូចជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារក្នុងមួយខែ។ ក្នុងនោះប្រាក់រង្វាន់ធ្វើការបន្ថែមទៀងទាត់ចំនួន ១០ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ធ្វើការបន្ថែមម៉ោងដោយស្មគ្រចិត្តចំនួន ២០០០រៀល ក្នុងមួយថ្ងៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួន ២ដុល្លារដល់ ១១ដុល្លារក្នុងមួយខែសម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។
ក្រសួងការងារបានបញ្ជាក់ថា ជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់យ៉ាងតិចចំនួន ២២៥ដុល្លារដល់ ២៣៦ដុល្លារក្នុងមួយខែ។ ក្រៅពីដំឡើងប្រាក់ឈ្នួលអប្បបរមា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបន្តខិតខំសហការគ្នាដើម្បីកាត់បន្ថយបន្ទុកចំណាយនានារបស់កម្មករនិយោជិតជាបន្តបន្ទាប់។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរង្វង់៥,៨% នៅឆ្នាំ២០២៤ និង៦% នៅឆ្នាំ២០២៥ ខាងមុខ ដោយផ្អែកទៅលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ តួយ៉ាង កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានងើបឡើងវិញប្រមាណជិត១៧% នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះជាង១៨% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ទោះជាយ៉ាងណា ស្របពេលដែលវិស័យឧស្សាហកម្មកំពុងចាប់ផ្តើមមានការរីកចម្រើនជាបណ្តើរៗ រដ្ឋមន្រ្តីក្រសួងការងារ បានវាយតម្លៃថា ចរន្តសេដ្ឋកិច្ចកម្ពុជា នឹងមិនអាចពឹងផ្អែកទៅលើវិស័យឧស្សាហកម្មកាត់ដេរបានរហូតនោះទេ ពោលគឺនឹងត្រូវជំនួសដោយវិស័យដែលពឹងផ្អែកលើជំនាញបច្ចេកទេសសំខាន់ៗវិញនាពេលអនាគតខាងមុខ។
លោក ហេង សួរ បានកត់សម្គាល់ថា រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា នាពេលអនាគត គឺមិនអាចពឹងតែទៅលើវិស័យឧស្សាហកម្មកាត់ដេរបានរហូតនោះទេ ពោលគឺវិស័យនេះនឹងអាចបាត់បង់សក្កានុពលរបស់ខ្លួននៅក្នុងពេលណាមួយជាក់ជាមិនខាន ដោយសេដ្ឋកិច្ចកម្ពុជានឹងត្រូវជំនួសមកវិញដោយការចូលរួមរបស់វិស័យដែលពឹងផ្អែកលើជំនាញបច្ចេកទេសសំខាន់ៗ ដូចជានៅក្នុងវិស័យដំឡើងគ្រឿងយន្ត និងឧស្សាហកម្មកែច្នៃចំណីអាហារជាដើម ដែលវិស័យទាំងនេះមានគុណតម្លៃខ្ពស់ ក៏ដូចជាមានរចនាសម្ព័ន្ធចាក់ចូលទៅក្នុងខ្សែច្រវាក់ផលិតកម្មបានពិតប្រាកដសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ TVK