ឆ្នាំ២០២៥ រដ្ឋគ្រោងចាយប្រមាណជាង ៩ ០០០លានដុល្លារអាមេរិក

នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥លានរៀល  (ប្រមាណជាង ៩ ០០០លានដុល្លារអាមេរិក) ត្រូវជា ១៨,១៤% នៃផលិតផលក្នុងស្រុកសរុប ផ.ស.ស. ដែលក្នុងចំណាយចរន្ត ២៦ ០៥៣ ០១៩លានរៀល និងចំណាយមូលធន ១១ ៨៩៦ ៣៦៦លានរៀល។ នេះបើតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦.៣% ដែលធ្វើឲ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វល់ ២០៩ ១៦៣ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារអាមេរិក ខណៈ ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាមេរិក។ 

រាជរដ្ឋាភិបាលបានអះអាងថា ការរំពឹងទុកនៃកំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចដ៏សំខាន់ៗ ទី១ វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២ វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងទី៣ វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទភាពទី១។

រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាការបន្តបុកគ្រឹះសម្រាប់បម្រើឲ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។

គួររំលឹកថា សម្រាប់ឆ្នាំ២០២៤រដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ចំណាយចំនួន ៣៧ ១១០ ៤០៤លានរៀល ឬប្រមាណ ៩ ០០០លានដុល្លារអាមេរិក ស្មើនឹង ២៥,៩៦% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលទំហំចំណាយនេះលើសពីចំណូលដល់ជាង ១ ០០០លានដុល្លារ។ ថវិកាសង្ខេប ឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងឆ្នាំ២០២៤ រដ្ឋរំពឹងរកចំណូលបានជិត ៨ ០០០លានដុល្លារប៉ុណ្ណោះ។

លើសពីនេះ ដើម្បីបំពេញកញ្ចប់ចំណាយប្រចាំឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីលុយពីវិនិយោគិនក្នុងស្រុកចំនួន១០៨លានដុល្លារ តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ និងខ្ចីលុយពីបរទេសក្នុងកម្រិត ១ ៧០០លាន SDR (ជាង២០០០លានដុល្លារ)៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី