ថ្នាក់ដឹកនាំកំពូលៗធនាគារជាតិនៃប្រទេសចំនួន ៤ ស្ថាប័នសារព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុលំដាប់ពិភពលោក Bloomberg អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី “ក្តីសង្ឃឹមឆ្ពោះទៅរកកំណើនខ្ពស់ឡើងវិញ៖ ការជំរុញកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការរៀបចំគោលនយោបាយសម្រាប់អនាគត” ដែលជាកម្មវិធីពិភាក្សាដំបូងគេក្នុងវេទិកានិយ័តកម្មសាកលឆ្នាំ២០២៤ (Global Regulatory Forum 2024) កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
មេដឹកនាំធនាគារនៃបណ្តាប្រទេសទាំង៤ ក្នុងនោះលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានអញ្ជើញចូលរួមជាវាគ្មិនជាមួយវាគ្មិនជំនាញដែលជាថ្នាក់ដឹកនាំ-មន្ត្រីជាន់ខ្ពស់មកពីធនាគារកណ្តាល និងនិយ័តករទីផ្សារមូលធននៃប្រទេសផ្សេងៗ ក្នុងនោះរួមមាន៖ ធនាគារកណ្តាលប្រទេសអូទ្រីស, ធនាគារកណ្តាលបារាំង និងទីផ្សារមូលធនអារ៉ាប៊ីសាអូឌីត។


ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើនរួមមាន ការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចសាកល និងកត្តាប្រឈម ការគ្រប់គ្រងអតិផរណា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុជាដើម។ នាឱកាសនេះ លោកស្រី ជា សិរី បានចែករំលែកទស្សនាទានអំពីដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ចធំៗនៅលើពិភពលោក និងកម្រិតឥទ្ធិពលនៃការវិវឌ្ឍនោះមកលើសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងលក្ខណៈអំណោយផលមួយចំនួនដែលអាចនឹងមានមកលើសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្កើនការប្រមើលមើលរបស់ខ្លួនអំពីសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ដោយចែងថា មានការលូតលាស់សេដ្ឋកិច្ចប្រកបដោយភាពធន់នាំមុខដោយសហរដ្ឋអាមេរិក និងមានអតិផរណាទាបផងដែរ។ នៅទូទាំងពិភពលោក IMF យល់ថា អតិផរណានឹងចុះថយពី ៦,៨% ក្នុងឆ្នាំ ២០២៣ មកត្រឹម ៥,៨% នៅឆ្នាំ ២០២៤ និងចំនួន ៤,៤% ក្នុងឆ្នាំ ២០២៥។ នៅក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់បំផុត ទីភ្នាក់ងារនេះរំពឹងថា អតិផរណានឹងចុះថយនៅឆ្នាំនេះត្រឹម ២,៦% និង ២% នៅឆ្នាំក្រោយដែលធនាគារកណ្តាលសហរដ្ឋអាមេរិក និងធនាគារកណ្ដាលឯទៀតៗបានកំណត់ថាជាគោលដៅ។
ការផ្សំគ្នារវាងការលូតលាស់ជាប់លាប់និងការចុះថយនៃអតិផរណានាំឱ្យមានកំណើនសេចក្តីសង្ឃឹមសម្រាប់អ្វីដែលហៅថា «ការធ្វើឱ្យអតិផរណាធ្លាក់ចុះដោយមិនមានវិបត្តិសេដ្ឋកិច្ច» ឬ soft landing ដែលជាការចុះថយល្បឿនសេដ្ឋកិច្ចគ្រប់គ្រាន់ល្មមដើម្បីទប់ទល់នឹងអតិផរណា ដោយមិនបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ច៕


អត្ថបទ៖ សេដ្ឋានី រូបភាព៖ NBC