ឧស្សាហកម្មភោជនីយដ្ឋាននៅប្រទេសថៃ កំពុងប្រឈមជាមួយហានិភ័យធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន បន្ទាប់ពីអាជីវកម្មប្រមាណ ៦០០ ០០០កន្លែង បានបិទទ្វារជាបន្តបន្ទាប់រយៈពេល ៣ឆ្នាំកន្លងមកនេះ។


របាយការណ៍ពីក្រសួងពាណិជ្ជកម្មថៃបានបង្ហាញថា រយៈពេល ៧ខែដំបូងនៅក្នុងឆ្នាំ២០២៤ ការបង្កើត និងបិទទ្វារភោជនីយដ្ឋានថ្មីៗ មានកំណើនដល់ ១១,២៧% បើធៀបនឹងឆ្នាំទៅ ពោលហាងថ្មីៗប្រហែល ១០០ ០០០ បានបើកអាជីវកម្ម ក៏ប៉ុន្តែបើកបានតែ ៦ខែប៉ុណ្ណោះ ៥០%នៃចំនួនហាងទាំងនោះ បានសម្រេចបញ្ចប់អាជីកម្ម ក្រោមហេតុផលលក់ខាតចុងខាតដើម។
សូម្បីតែភោជនីយដ្ឋានធំៗ ធ្លាប់ទទួលបានពានរង្វាន់ផ្សេងៗដូចជា Michelin Star ជាដើមនោះ ក៏រអ៊ូរទាំពីភាពលំបាក នៅក្នុងវិស័យមួយនេះដូចគ្នា ដោយពួកគេអះអាងថា ប្រាក់ចំណូលប៉ុន្មានឆ្នាំចុងក្រោយ បានធ្លាក់ចុះយ៉ាងតិច ៤០% ហើយបើសិនជាគ្មានវិធានការជ្រោមជ្រែងពីរដ្ឋាភិបាលឆាប់ៗ ពួកគេប្រាកដជាបិទហាងជាក់ជាមិនខាន។
សារព័ត៌មានថៃ NationThailand បានរាយការណ៍ថា ការបិទភោជនីយដ្ឋានដ៏ច្រើនបែបនេះ គឺមកពីកត្តាជាច្រើនយ៉ាងរួមមាន កំណើនសេដ្ឋកិច្ចយឺត ការប្រកួតប្រជែងខ្លាំងពេក ការចំណាយដើមទុនច្រើន ស្របពេលប្រជាជនរារែកក្នុងការចាយវាយ។

លោកស្រី ថានីវ៉ាន់ គុលមង្គល ប្រធានសមាគមភោជនីយដ្ឋានថៃ បានប្រាប់ទៅកាន់សារព័ត៌មានថា ម្ចាស់ភោជនីយដ្ឋានទាំងអស់ គួរតែព្យាយាមស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើអាជីវកម្មរបស់ខ្លួន ដូចជាការធ្វើទីផ្សារអនឡាញ ការបញ្ជាទិញអនឡាញ និងការគ្រប់គ្រងឲ្យបានល្អ។
លោកស្រីបន្ថែមថា ភោជនីយដ្ឋាននីមួយៗ គួរតែមានអ្វីដែលជាខ្លួនឯង ខុសប្លែកទីអ្នកដទៃ ទើបជាចំណុចទាក់ទាញ និងចាប់អារម្មណ៍ពីអតិថិជន ហើយការធ្វើដូច្នេះទើបអាជីវកម្មរបស់ខ្លួន អាចឈរជើងបានយូរលើទីផ្សារ។
សូមជម្រាបដែរថា ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញពីចំនួនភោជនីយដ្ឋានសរុបនៅក្នុងឆ្នាំ២០២៤ មានចំនួន ៦៨០ ១៩០កន្លែង ហើយបើទោះជាមានទីផ្សារចង្អៀតក៏ពិតមែន តែឧស្សាហកម្មមួយនេះ នៅតែមានតម្លៃប្រមាណ ៦៦៩ពាន់លានបាត និងជាចំណុចទាក់ទាញពេញបំផុតមួយ សម្រាប់អូសទាញភ្ញៀវទេសចរណ៍បរទេស៕
អត្ថបទ៖ Luffy រូបភាព៖ NationThailand