សារព័ត៌មានចិន៖ រដ្ឋាភិបាលទំនងបញ្ចេញមូលបត្របំណុល ៨៥០ពាន់លានដុល្លារ ស្ដារសេដ្ឋកិច្ចឡើងវិញ

រដ្ឋាភិបាលចិន កំពុងព្យាយាមរិះរកគ្រប់វិធីសាស្ត្រក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ តាមរយៈការលើកទឹកចិត្ត ដល់វិនិយោគិនបរទេស និងជួយទ្រទ្រង់វិស័យអចលនទ្រព្យ ដែលកំពុងជាប់គាំងនៅក្នុងប្រទេស។

ទីភ្នាក់ងារសារព័ត៌មានចិន Caixin Global បានចេញផ្សាយថា ដើម្បីអាចរៀបចំផែនការស្ដារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលនឹងប្រមែប្រមូលទឺកប្រាក់បន្ថែម ៦ទ្រីលានយ៉ន់ ឬប្រមាណ ៨៥០ពាន់លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ តាមរយៈការបោះមូលបត្របំណុលលក់លើទីផ្សារ។

តាមដានជាមួយយើង៖ Million Times

ទឹកប្រាក់មួយចំនួនធំ ដែលទទួលបានពីការបោះមូលបត្របំណុលលក់ នឹងត្រូវយកមកទូទាត់បំណុលចាស់ៗ ដែលអាជ្ញាធរក្នុងតំបន់មួយចំនួន កំពុងឈឺក្បាលវិលមុខជាមួយ។

ប្រសិនបើផែនការខាងលើពិតជាត្រូវយកមកអនុវត្តមែន វិធានការ​នេះ​នឹង​កត់សម្គាល់​ផែនការ​គោលនយោបាយ​បន្ទាប់ ​ដែល​ចិន​បាន​បង្ហាញ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​ធ្លាក់​ចុះ។ កាលពីចុងខែកញ្ញាកន្លងទៅ រដ្ឋាភិបាលទើបនឹងបញ្ចេញនូវគោលនយោបាយ ជំរុញសេដ្ឋកិច្ចថ្មី តាមរយៈការបញ្ចុះអត្រាការប្រាក់ និងចាក់លុយបន្ថែម ១១៤ពាន់លានដុល្លារ ក្នុងទីផ្សារហ៊ុនក្នុងស្រុក។

ទោះជាយ៉ាងណា អ្នកវិភាគសេដ្ឋកិច្ចជាច្រើនបានចោទសួរ លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដោយដាក់ការសង្ស័យថា កញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីនេះ ទំនងមិនអាចលេចចេញជារូបរាងរហូតដល់ចុងឆ្នាំ២០២៥ ដ្បិតដើម្បីអាចអនុម័តកញ្ចប់ចំណាយដ៏ច្រើនបែបនេះ រដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយបញ្ហាធំៗមួយចំនួន ដូចជាផែនការជំរុញសារពើព័ន្ធជាមុនសិន ដើម្បីអាចបើកផ្លូវឲ្យវិធានការជំរុញសេដ្ឋកិច្ចថ្មីនោះ មានប្រសិទ្ធភាពខ្ពស់ជាងរាល់ដង៕

អត្ថបទ៖ Luffy រូបភាព៖ SCMP