នាយករដ្ឋមន្រ្តី៖ ២០ឆ្នាំនេះ លទ្ធផលទាញបានពីអង្គការពាណិជ្ជកម្មពិភពលោក ធ្វើឲ្យកម្ពុជារីកចម្រើន

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីបានរំលេចឲ្យដឹងពីលទ្ធផលដែលកម្ពុជាទាញបាន តាមរយៈការកែប្រែពីភាពឯកោរបស់កម្ពុជាទាំងការទូត និងសេដ្ឋកិច្ច ចូលទៅក្នុងសមាហរណកម្ម ជាមួយនឹងយន្តការពហុភាគី យន្តការតំបន់ ធ្វើឲ្យកម្ពុជារីកចម្រើន ។

សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាទទួលបានលទ្ធផលជាប្រទេសមានការអភិវឌ្ឍ និងមានសក្តានុពលនៅក្នុងតំបន់ មិនមែនកើតឡើងដោយការចៃដន្យ ឬទេវតាជាអ្នកផ្ដល់ឱ្យនោះទេ ប៉ុន្ដែគឺបានកើតចេញពីការដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ជាពិសេសសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

សម្ដេចមានប្រសាសន៍ថា ក្នុងរយៈពេល២០ ឆ្នាំនេះ លទ្ធផលដែលយើងទាញបាន តាមរយៈការកែប្រែពីភាពឯកោរបស់យើងទាំងការទូត និងសេដ្ឋកិច្ច យើងចូលទៅក្នុងសមាហរណកម្ម ជាមួយនឹងយន្តការពហុភាគី យន្តការតំបន់ ធ្វើឲ្យកម្ពុជារីកចម្រើន។ សម្តេចបន្តថា បើយើងមិនហានប្រកួតប្រជែងនៅខាងក្រៅ គឺយើងមិនអាចពង្រឹងសមត្ថភាពខ្លួនឯងបានទេ ដូច្នេះហើយទើបកម្ពុជា ត្រូវចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤នោះ គឺប្រទេសកម្ពុជា បានក្លាយជាសមាជិកទី១៤៨។

បើតាមសម្ដេចនាយករដ្ឋមន្រ្តី នៅពេលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក គឺកម្ពុជាត្រូវពង្រឹងសមត្ថភាព និងការធ្វើពាណិជ្ជកម្មផ្ទៃក្នុងរបស់កម្ពុជាឱ្យខ្លាំងក្លា ដើម្បីឈានទៅប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដូច្នេះការងារនេះយើងបានធ្វើមក ២០ឆ្នាំហើយ។

សម្ដេចបានសង្កត់ធ្ងន់ថា ទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តអនុវត្តនូវទិសដៅ និងចក្ខុវិស័យច្បាស់របស់កម្ពុជា ដែលដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិមុន គ្រាន់តែពេលនេះ ដើម្បីឱ្យសម្រេចបានដល់គោលដៅដែលបានកំណត់ វិធីសាស្រ្ដមួយចំនួនគឺត្រូវប្រែប្រួល ប៉ុន្ដែទិសដៅរបស់យើងមិនប្រែប្រួលទេ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី