អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយលោក ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ស្ថិតអគារ វីងថៅវ័ នាថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤។
តាមរយៈការប្រកាសព័ត៌មាន គោលបំណងនៃជំនួបនេះគឺ សមាគមត្រកូលលីន បានស្នើសុំឱ្យមានការចុះអនុស្សារណៈនៃការយោគយល់គ្នាមួយ ជានឹងមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលដៅស្វែងរកដៃគូវិនិយោគរួមគ្នានៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមត្រកូលលីននឹងរៀបចំពិធីពិព័ណ៍ដ៏ធំមួយ ដែលក្នុងនោះនឹងមានការចូលរួមស្ទើរគ្រប់វិស័យ ដែលនឹងរៀបចំសាលពិព័ណ៍កោះពេជ្រ។
ក្នុងជំនួបនោះ លោកសេដ្ឋី គិត ម៉េង បានឯកភាពនូវសំណើរដែលមានគោលដៅស្វែងរកដៃគូវិនិយោគរួមគ្នានៅកម្ពុជា ព្រមទាំងលើកទឹកចិត្តដល់សមាគម ក្នុងការចូលរួមសហការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួនសម្រាប់ជាផលប្រយោជន៍ដល់វិស័យឯកជន។
គួរឲ្យដឹងថា សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានចុះបញ្ជីកាលពីខែមេសា ឆ្នាំ២០២៤។ សមាគមជាសាខារបស់សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដែលមានសាខាជាង៥០ នៅលើពិភពលោក ដែលមិនស្វែងរកប្រាក់ចំណេញ។
សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា នឹងគៀងគរពាណិជ្ជករវិនិយោគិនពីក្រៅប្រទេស ឲ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងគៀងគរយុវជន ឬក៏ពាណិជ្ជករ ដែលមានត្រកូលលីនមកចូលរួមជាមួយសមាគម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង អាជីវកម្ម៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CCC