នាយករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុកនាំចេញទៅកាន់ទីផ្សារបរទេស

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។

ក្នុងពេលអនុញ្ញាតិឲ្យគណៈប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ជួបពិភាក្សាការងារកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សមាគមក្នុងការលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។ 

តាមដានជាមួយយើង៖ Million Times

សម្ដេចបានគូសបញ្ជាក់ថា សម្ដេចគាំទ្រគំនិតផ្តួចផ្តើមនៃការរៀបចំពិពរណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ២ ដង ក្នុងមួយឆ្នាំ និងការបង្កើតវិទ្យាស្ថាន ដោយសម្ដេចបានណែនាំឱ្យសមាគមបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការររៀបចំសិក្សាបន្ថែមលើការរៀបចំឯកសារទស្សនាទាន និងផែនការសកម្មភាពនៃការបង្កើតវិទ្យាស្ថាននេះ។  

សម្ដេចនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសមាគមជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស កសាងទំនុកចិត្ត និងការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ។

ក្នុងឱកាសនៃជំនួបនោះ លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានឲ្យដឹងថា សមាគមបានចូលរួមការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានា និងការរៀបចំពិពរណ៍គ្រឿងអលង្ការប្រចាំឆ្នាំ។

ទន្ទឹមនេះសមាគមមានផែនការបង្កើតវិទ្យាស្ថានមួយដើម្បីសិក្សាស្រាវជ្រាវ​ និងបណ្ដុះបណ្ដាលជំនាញកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី