ធនាគារកសិកម្មចិន ADBC នឹងចុះ MoU ផ្តល់ហិរញ្ញប្បទានគាំទ្រវិស័យកសិកម្មកម្ពុជា

ធនាគារអភិវឌ្ឍន៍កសិកម្ម របស់ប្រទេសចិន (ADBC) យល់ព្រមតាមការស្នើសុំរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងចុះហត្ថេលខាលើអនុស្សរណៈនៃការយោគយល់គ្នាផ្តល់ហិរញ្ញប្បទានគាំទ្រដល់ដល់វិស័យកសិកម្ម។

ការយល់ព្រមនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោក កៅ ថាច អគ្គនាយកធនាគារ ARDB និងលោក QIAN WENHUI ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ADBC នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

ស្ថិតក្នុងជំនួបនោះ លោក កៅ ថាច បានស្នើសុំធនាគារ ADBC ជាធនាគារអន្តរការី (Corespondent Bank) របស់ធនាគារ ARDB ដើម្បីទូទាត់ប្រាក់ឆ្លងប្រទេស នៅប្រទេសចិន និងបង្កើតក្រុមការងារសិក្សាស្រាវជ្រាវរួមគ្នាលើការអនុវត្តហិរញ្ញប្បទានបៃតង និងការប្រយុទ្ធប្រឆាំងលើការប្រែប្រួលអាកាសធាតុ និងការធានាបានការធ្វើកសិកម្មប្រកបដោយចីរភាព កសិកម្មវ័យឆ្លាត និងធុនអាកាសធាតុ។

លោកបញ្ជាក់ថា ភាគីទាំងពីរនឹងចុះអនុស្សរណៈយោគយល់គ្នានៅពេលខាងមុខ។ ជាមួយគ្នានោះ លោកក៏បានស្នើធនាគារចិន ADBC បង្កើតកម្មវិធីផ្តាស់ប្តូរបុគ្គលិករវាងធនាគារទាំងពីរដើម្បីផ្តាស់ប្តូរបទពិសោធន៍ការងារ និងចំណេះដឹង និងការចូលរួមសិក្សាស្រាវជ្រាវនៅនៅមជ្ឈមណ្ឌល (Center of excellence) របស់ APRACA នៅធនាគារ ARDB ដោយផ្តោតសំខាន់លើ ហិរញ្ញប្បទានបៃតង។

លោក QIAN WENHUI បានបង្ហាញនូវការគាំទ្រសម្រាប់អ្វីដែល ភាគី ARDB បានលើក និងស្នើឡើងមកកាន់ធនាគារ ADBC។ លោកគូសបញ្ជាក់ថា បេសកកម្មរបស់ធនាគារ ADBC និងធនាគារ ARDB ដូចគ្នា​ ពោលគឺការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ ដូចនេះជំហានបន្ទាប់ លោកយល់ស្របជាមួយធនាគារ ARDB ដើម្បីបង្កើតក្រុមការងាររួម ដើម្បីសិក្សាលើការស្នើសុំរបស់ភាគី ARDB ដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នា រវាងភាគីទាំងពីរនាពេលខាងមុខនេះ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ARDB