អំឡុងពេលស្នាក់នៅទីក្រុងឡូសអែនជែលលេស កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា គណៈប្រតិភូកម្ពុជាបានទៅទស្សនកិច្ចក្រុមហ៊ុន SpaceX ដើម្បីសិក្សាឈ្វេងយល់ទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប។
លើបណ្តាញទំនាក់ទំនងសង្គមក្រុមប្រឹក្សាអភិវឌ្ឍន៍ CDC បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ក្រុមហ៊ុន SpaceX លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដែលមានទីតាំងស្ថិតក្នុងតំបន់ Hawthorne ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប ក៏ដូចជារបៀបរបបនៃការបង្កើនប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ក្រុមហ៊ុន ជាពិសេស ប្រតិបត្តិការក្រុមផ្កាយរណប Starlink ជាដើម។
ក្រុមហ៊ុន Starlink គឺជាក្រុមផ្កាយរណបអ៊ីនធឺណិត ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណិតល្បឿនលឿនចល័តជាសកល គ្របដណ្តប់ជាង ១០០ប្រទេសនៅលើពិភពលោក។ ប្រតិបត្តិការនេះដំណើរការដោយ Starlink Services, LLC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SpaceX។
គួរឲ្យដឹងដែរថា មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk នៅប៉ុន្មានឆ្នាំចុងក្រោយបានចាប់អារម្មណ៍មកបោះទុនវិនិយោគនៅបណ្តាប្រទេសអាស៊ាន ក្នុងនោះឥណ្ឌូនេស៊ី លោក Musk ទើបតែដាក់ឲ្យដំណើរការសេវាផ្កាយរណបអ៊ីនធឺណិតនៅតាមកោះដាច់ស្រយារបស់ឥណ្ឌូនេស៊ី ខណៈនៅប្រទេសវៀតណាម និងថៃ ក្រុមហ៊ុន Musk កំពុងពិចារណានៅឡើយ៕
អត្ថបទ៖ ផល កុសល រូបភាព៖ CDC