ប្រធានសភាចិន សន្យាកៀរគរ​ និងជំរុញអ្នកទេសចរ អ្នកវិនិយោគចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត

ប្រធានសភាចិន សន្យាកៀរគរ​ និងជំរុញអ្នកទេសចរ អ្នកវិនិយោគចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត

ប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន លោក វ៉ាង ហ៊ូនីង (Wang Huning) បានប្រាប់ប្រធានរដ្ឋសភាកម្ពុជាថា ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អ មិត្តភាពជាប្រពៃណី មិត្តដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចិននឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសខ្លួន ឱ្យមកទស្សនានិងបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។​ 

ក្នុងជំនួបជួបពិភាក្សាការងាររវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង ទាំងសម្តេច ឃួន សុដារី ទាំងលោក វ៉ាង ហ៊ូនីង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានដាក់ចេញ និងបានសន្យារួមគ្នាថានឹងជំរុញបន្ថែមទៀតនូវការបន្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគំនិតផ្តួមផ្តើមនានារបស់ភាគីចិន ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសទំាងពីរ ឱ្យចេញជាលទ្ធផលជាក់ស្តែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

តាមដានជាមួយយើង៖ Million Times

សម្តេច ឃួន សុដារី បានថ្លែងថា «យើងសង្ឃឹមថា មិត្តចិននឹងបន្តជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ជាអាទិ៍ វិស័យកសិ-ឧស្សាហកម្ម ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង»។

ជាមួយគ្នានេះ យើងក៏ត្រូវចាំបាច់ជំរុញបន្ថែមទៀតពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពផលិត និងការអភិវឌ្ឍមូលធនមនុស្ស។ យើងត្រូវប្រឹងប្រែង ក្នុងការជំរុញឱ្យសម្រេចឱ្យបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ»។ សម្តេចប្រធានរដ្ឋសភាបញ្ជាក់បន្ថែម។

គួរឲ្យដឹងថា រំហូរទុនវិនិយោគរបស់ចិន តែងឈរនៅលំដាប់លេខរៀងទី១ ទី២ ឬទី៣ រៀងរាល់ឆ្នាំ ដែលភាគច្រើនប្រមូលផ្តុំក្នុងវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងកសិឧស្សាហកម្ម។ ចំពោះទំហំពាណិជ្ជកម្ម កម្ពុជា-ចិន មានសញ្ញាណវិជ្ជមានផងដែរ ដោយបានកើនឡើងដល់ជាង ១២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ មានកំណើនប្រមាណជិត៥% បើធៀបទៅនឹង ឆ្នាំ២០២២។ ក្នុងនោះ រយៈពេលដូចគ្នា ការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារចិន បានកើនឡើងប្រមាណ១៩% ពីប្រមាណជាង ១.២ដល់ប្រមាណជិត១.៥ប៊ីលានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥.៤ លាននាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះដែរភ្ញៀវទេសចរចិន ឈរនៅលំដាប់ទី៣ ដែលមានប្រមាណ ៥៤៧,៧៩៨នាក់៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ រដ្ឋសភា