ឧកញ៉ា អាន ឌីណា ឧកញ៉ា ឈឹម បញ្ញា អមដំណើរឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល គោះទ្វារវិនិយោគនៅអាមេរិក និងកាណាដា

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដំណើរទស្សនកិច្ចនេះអមដំណើរម្ចាស់អាជីវកម្មជាច្រើនកំពុងរកស៊ីនៅប្រទេសកម្ពុជា ក្នុងនោះក៏មានវត្តមានសមាជិកសមាគមឧកញ៉ាកម្ពុជាផងដែរ។ ក្នុងនាមសមាជិកនៃសមាគមកម្ពុជា ឧកញ៉ា អាន ឌីណា ម្ចាស់ក្រុមហ៊ុន FSC Group និងឧកញ៉ា ឈឹម បញ្ហា ម្ចាស់បុរី​ ច័ន្ធ ខាស់សល ក៏បានចូលរួមបំពេញទស្សនកិច្ចគោះទ្វារវិនិយោគនាពេលនេះដែរ។

តាមដានជាមួយយើង៖ Million Times

តាមផែនការដែលបានគ្រោងទុក ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងដឹកនាគណៈជួបជាមួយវិនិយោគិននៅក្រុង សាន់ហ្វ្រាន់ស៊ីសស្កូ ឡូសអែនជែលលេស ញ៉ូវយ៉ក វ៉ាស៊ីងតោនឌីស៊ី និងម៉ុងត្រេអាល់។

ការិយាល័យសេដ្ឋកិច្ច និងជំនួញរបស់ក្រសួងការបរទេសអាមេរិក ធ្លាប់បានចេញផ្សាយនូវរបាយការណ៍ស្តីអំពីបម្រែបម្រួលការវិនិយោគប្រចាំឆ្នាំ២០២៤។ ក្នុងរបាយការណ៍នោះក្រសួងការបរទេសអាមេរិក បានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាបានផ្តល់ការលើកទឹកចិត្តជាច្រើនសម្រាប់ទាក់ទាញការវិនិយោគពីបរទេស។ ក្នុងនោះ រួមមានច្បាប់ស្តីពីការវិនិយោគ ការលើកទឹកចិត្តការវិនិយោគផ្ទាល់ពីបរទេស ការកាត់បន្ថយអត្រាពន្ធសាជីវកម្ម ការនាំចូលទំនិញមូលធនដោយមិនបង់ពន្ធ ជាដើម។ ល។

បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៤ មានទំហំទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ កើនឡើង ៦,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕

អត្ថបទ៖ ផល កុសល រូបភាព៖ សមាគមឧកញ៉ាកម្ពុជា