ក្រុមហ៊ុនមីនេបៀ ចាប់ផ្តើមសកម្មភាពសាងសង់រោងចក្រទី២របស់ខ្លួន

ក្រុមហ៊ុនមីនេបៀ ចាប់ផ្តើមសកម្មភាពសាងសង់រោងចក្រទី២របស់ខ្លួន

រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ចាប់ផ្តើមដំណើរការសាងសង់ហើយកាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។

រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

តាមដានជាមួយយើង៖ Million Times

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ការជ្រើសរើសបោះទីតាំងក្នុងខេត្តពោធិ៍សាត់ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រមួយដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានដែលលេចឡើងថ្មីៗ និងចូលរួមចំណែកក្នុងការបង្កើនប្រវត្តិរូបអាជីវកម្មដែលគិតគូរដល់បរិស្ថាន ព្រមទាំងអាចផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅ ដោយហេតុផលនៃភាពសម្បូរបែបនៃធនធានថាមពលកកើតឡើងវិញរបស់ខេត្តនេះ។ 

ទន្ទឹមនេះ ខេត្តពោធិ៍សាត់មានទីតាំងនៅជិតផ្លូវជាតិលេខ៥ និងជាទីតាំងយុទ្ធសាស្ត្រផ្នែកភស្តុភារកម្ម មានការតភ្ជាប់ជាមួយមជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសថៃតាមរយៈខេត្តប៉ោយប៉ែត ឬកោះកុង ដែលការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនអាចទាញយកប្រយោជន៍ពីយុទ្ធសាស្រ្តប្រទេសបូកបានផងដែរ។ ហេតុនេះការបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុនដើម្បីសាងសង់រោងចក្រថ្មីនៅទីតាំងនេះ មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់មីនេបៀប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសគឺមានសង្គតភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់បន្ថែម។

ពាក់ព័ន្ធនឹងការបើកការដ្ឋានសាងសង់របស់ខ្លួន មីនេបៀ ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើក្រុមហ៊ុនថានឹងចូលរួមជួយបន្តទាក់ទាញក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយចែករំលែកបទពិសោធន៍វិជ្ជមាន និងភាពជោគជ័យរបស់ខ្លួនផ្ទាល់ជាគំរូ៕

អត្ថបទ៖ ផល កុសល រូបភាព៖ CDC