ជោគជ័យរយៈពេល ២៥ឆ្នាំ ហុងដា ប្តេជ្ញាចិត្តពង្រីកការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនហុងដា ប្រកាសបន្តពង្រីកការវិនិយោគរបស់ខ្លួន​នៅកម្ពុជា ខណៈក្រុមហ៊ុនជប៉ុនមួយនេះឈរជើងនៅក្នុងស្រុកខ្មែរអស់រយៈពេល ២៥ឆ្នាំមកហើយ។ ការប្តេជ្ញាចិត្តបន្តពង្រីកអាជីវកម្មរបស់ខ្លួន ដោយថ្នាក់ដឹកនាំក្រុមហ៊ុន ហុងដា ចំពោះមុខសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងជំនួបនាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។

លោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៃក្រុមហ៊ុន HONDA MOTOR CO., LTD. បានគូសបញ្ជាក់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍវិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលឱ្យក្រុមហ៊ុនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនឹងនេះ លោកបានប្ដេជ្ញាចិត្តក្នុងអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល និងបន្ដកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានគោរពជម្រាបជូនអំពីផែនការពង្រីកការវិនិយោគ​ និងអាជីវកម្មបន្ថែមទៀតរបស់ក្រុមហ៊ុន​នៅកម្ពុជា។ 

ក្នុងឱកាសនៃជំនួប សម្ដេច ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះវឌ្ឍនភាព និងជោគជ័យរបស់ក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសលើពិភពលោក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំមកនេះ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពជំនាញជូនប្រជាពលរដ្ឋកម្ពុជា និងការបង្កើតការងារ ។

ជាមួយគ្នានេះ សម្ដេចក៏បានគូសបញ្ជាក់ពីការផ្ដោតយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តមួយចំនួនចំពោះការវិនិយោគលើការបង្កើតរោងចក្រដំឡើងនិងផលិតយានយន្តនៅកម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពផលិតគ្រឿងបង្គុំក្នុងប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី