គម្រោងទូទាត់ឆ្លងដែន QR Code រវាងធនាគារកម្ពុជា-ម៉ាឡេស៊ី ផ្តល់ឱកាស​ឲ្យពាណិជ្ជករជាង ៥លានទីតាំងបង្កើនអតិថិជន

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ដែលនឹងអនុញ្ញាត្តឱ្យពាណិជ្ជករជាង ៥ លានទីតាំងនៅក្នុងប្រទេសទាំងពីរអាចទទួលបានអតិថិជនកាន់តែទូលំទូលាយ។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត នឹងផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ និងពាណិជ្ជករទទួលបាននូវបទពិសោធន៍ទូទាត់ប្រកបដោយប្រសិទ្ធភាព ងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ។

តាមដានជាមួយយើង៖ Million Times

តាមរយៈគំនិតផ្តួចផ្តើមនៃការតភ្ជាប់ការទូទាត់តាមឃ្យូអរកូតនេះ នឹងអនុញ្ញាត្តឱ្យពាណិជ្ជករជាង ៥ លានទីតាំងនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដែលភាគច្រើនជាម្ចាស់អាជីវកម្មខ្នាតតូច អាចទទួលបានអតិថិជនកាន់តែទូលំទូលាយពីប្រទេសទាំងពីរ។

នៅក្នុងដំណាក់កាលទី១ នៃការតភ្ជាប់នេះប្រជាជនកម្ពុជាអាចធ្វើការទូទាត់ទំនិញ និងសេវានៅប្រទេសម៉ាឡេស៊ីបានដោយគ្រាន់តែធ្វើការស្កេនឃ្យូអរកូត (DuitNow QR Code) ដែលតាំងបង្ហាញដោយពាណិជ្ចករតាមរយៈការប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong app) និងកម្មវិធីធនាគារចល័តរបស់ធនាគារមេឃប៊ែង (M2U KH app)។

សម្រាប់ដំណាក់កាលបន្ទាប់ ប្រជាជនមកពីប្រទេសម៉ាឡេស៊ីនឹងអាចធ្វើការទូទាត់ទំនិញ និងសេវាទៅកាន់ពាណិជ្ជករនៅក្នុងប្រទេសកម្ពុជាដោយស្កេនខេអេចយ្យូអរកូត (KHQR Code) តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារជាសមាជិក។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការតភ្ជាប់ការទូទាត់ឆ្លងដែនដែលត្រូវបានដាក់ឲ្យដំណើរការថ្ងៃនេះ គឺដោយសារកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីគ្រប់ភាគីពាក់ព័ន្ធរបស់ទាំងប្រទេសទាំងពីរ ដែលរួមទាំងធនារគារជាតិនៃកម្ពុជា ជឫមួយក្រុមហ៊ុន Paynet ធនាគារមេឃប៊ែង ដែលជាធនាគារទំនាក់ទំនងរួមទាំងគ្រឹះស្ថានជឫសមាជិកពីប្រទេសទាំងពីរផងដែរ។

លោកស្រីបានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមនៃការតភ្ជាប់ការទូទាត់តាមយ្យូអរកូតនេះ នឹងគាំទ្រដល់សកម្មភាពពាណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ការទូទាត់ឆ្លងដែននេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសទាំងពីរដែលបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍អាស៊ាន ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់រាយដែលមានភាពរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាព៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ធនាគារជាតិនៃកម្ពុជា