នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ តម្លៃជិត ៤០លានដុល្លារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលដើរតួនាទីសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ សម្តេច ហ៊ុន ម៉ាណែត បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា។
សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹក ជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
សម្តេចមានប្រសាសន៍ថា «ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនេះ នឹងផ្តល់ជាជម្រើសបន្ថែម សម្រាប់ជួយបំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅ ពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹង ទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាន នាពេលអនាគត»។
បើតាមសម្តេចនាយករដ្ឋមន្រ្តី ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និងកំពុងជួយបំពេញបន្ថែមមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើន ឡើងពី ៥៥ម៉ឺនធីអីយូ/ឆ្នាំ ទៅ ១លានធីអ៊ីយូ/ឆ្នាំ និងអាចឱ្យនាវាកុងតឺន័រ មានជម្រៅទឹក -១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករកើនឡើងពី១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយនៃនាវា ដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវា ដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ី ហ្វិក កើន ឡើងរហូតដល់ ៤៩,២៥ភាគរយ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី