សម្តេច ហ៊ុន សែន ប្រាប់ក្រុមហ៊ុនកូរ៉េមិនចាំបាច់មកសិក្សាវិនិយោគលើអាកាសយានដ្ឋានថ្មីនោះទេ

ឆ្លើយតបទៅនឹងបំណងចងវិនិយោគលើអាកាសយានដ្ឋានថ្មីនៅកម្ពុជា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ទៅកាន់ក្រុមហ៊ុន SK Securities មិនចាំបាច់មកសិក្សានោះទេ ពីព្រោះកម្ពុជាមានអាកាសយានដ្ឋានថ្មី និងត្រៀមដាក់ឲ្យដំណើរការនាពេលខាងមុខហើយ។

តាមរយៈជំនួបនាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities បានជម្រាបប្រាប់សម្ដេច ហ៊ុន សែន សុំការគាំទ្រពីសម្ដេចដល់ក្រុមហ៊ុនរបស់លោកដែលនឹងអាចឈានទៅដល់ការវិនិយោគនៅកម្ពុជា ដោយចាប់អារម្មណ៍នឹងវិនិយោគលើវិស័យជាច្រើន។

តាមដានជាមួយយើង៖ Million Times

លោកបានរំលឹកថា នៅពេលទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅកូរ៉េ លោកបានរៀបចំជំនួបជាច្រើនរវាងសម្ដេចជាមួយនឹងក្រុមហ៊ុនកូរ៉េ និងបានពិភាក្សាទៅលើវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានថ្មីនៅកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប សម្ដេច ហ៊ុនសែន បានបញ្ជាក់ថា កម្ពុជាត្រូវការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនកូរ៉េ។ ដោយក្រុមហ៊ុនកូរ៉េភាគច្រើនបានវិនិយោគនៅបណ្ដាប្រទេសជិតខាងកម្ពុជានៅក្នុងអាស៊ាន នៅកម្ពុជាការវិនិយោគនៅមានកម្រិតនៅឡើយ។ ដើម្បីវិនិយោគបានចំគោលដៅ សម្ដេចបានផ្ដល់អនុសាសន៍ថា ឱ្យសិក្សាលម្អិតថាតើចាប់យកចំណុចអ្វីដែលជាគោលដៅនៃការវិនិយោគ។

ពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋានថ្មី សម្ដេចបានបញ្ជាក់ថា គឺមិនមានការចាំបាច់ក្នុងការធ្វើការសិក្សាទេ ពីព្រោះ កម្ពុជា ទើបតែបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប និងត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តកណ្ដាល ហើយក៏មានអាកាសយានដ្ឋាននៅតំបន់មាត់សមុទ្រផងដែរ។

សម្តេចបន្ថែមថា កម្ពុជាត្រូវការវិនិយោគលើឧស្សាហកម្មកែច្នៃ ពីព្រោះកម្ពុជា មានវត្ថុធាតុដើមច្រើន ដែលសមត្ថភាពនៃការកែច្នៃនៅមានកម្រិត។ ដោយទីផ្សារកូរ៉េ ត្រូវការនាំចូលផលិតផលជាស្បៀង សម្ដេចនាយករដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍ឱ្យសិក្សាអំពីការកែច្នៃលើផលិតផលស្បៀង។ នៅក្នុងផ្នែកឧស្សាហកម្ម កម្ពុជាត្រូវការបច្ចេកវិទ្យាពីកូរ៉េ ដូច្នេះ កម្ពុជាចង់ទទួលបាននៅបច្ចេកវិទ្យាពីកូរ៉េ។ នៅក្នុងវិស័យមូលបត្រ កម្ពុជាក៏ត្រូវការជំរុញវិស័យនេះផងដែរ ដោយសារសព្វថ្ងៃនេះ មិនទាន់ឃើញមានការរីកចម្រើនខ្លាំងក្លានោះទេ។

សូមជម្រាបថា ក្រុមហ៊ុន SK Securities មិនទាន់មានវិនិយោគក្នុងប្រទេសកម្ពុជានៅឡើយទេ ខណៈក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនមូលបត្រដែលទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដែលទទួលបានអាជ្ញាប័ណ្ណហិរញ្ញវត្ថុដែលផ្ដោតទៅលើបរិស្ថាន៕

អត្ថបទ៖ សាងតេជ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ