៥ក្រុមហ៊ុនមកសិក្សាបោះទុនវិនិយោគនាំផលិតផលកសិកម្មទៅកាន់ទីផ្សារអាមេរិក

ក្រុមហ៊ុនចំនួន ៥ មកពីអាមេរិក ចាប់អារម្មណ៍នាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដើម្បីនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ការបង្ហាញឆន្ទៈរបស់ក្រុមវិនិយោគអាមេរិកធ្វើឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

គណៈប្រតិភូបានជម្រាបប្រាប់សម្ដេចនាយករដ្ឋមន្រ្តីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។

តាមដានជាមួយយើង៖ Million Times

នាឪកាសនោះ សម្ដេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។

ទន្ទឹមនឹងនោះ សម្ដេចបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។

ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់គណៈប្រតិភូធុរកិច្ចអាមេរិកឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា។

គួរឲ្យដឹងថា ការវិនិយោគដោយផ្ទាល់ពី​សហរដ្ឋអាមេរិ​ក​នៅ​កម្ពុជា មានកម្រិតទាបនៅឡើយ បើទោះបីជា​សហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគដ៏ធំមួយនៅ​ក្នុង​សកលលោក ខណៈទំហំពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក​ក្នុង​ឆ្នាំ ​២០២៣ មាន​ទំហំ​ជាង ៩,១​ ពាន់​លានដុល្លារ។ ក្នុង​ឆ្នាំ​ ២០២២ ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប ៩,២៨​ ពាន់​លាន​ដុល្លារ កើនឡើង ១៨,៦ ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២១​៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី