អ្នកឧកញ៉ា លឹម ហេង៖ ការធ្វើការកែទម្រង់ស៊ីជម្រៅផ្នែកសេដ្ឋកិច្ច និងគោលនយោបាយថ្មី ទប់ស្កាត់ការរំខានពីមន្ត្រីខិលខូច

អ្នកឧកញ៉ា លឹម ហេង៖ ការធ្វើការកែទម្រង់ស៊ីជម្រៅផ្នែកសេដ្ឋកិច្ច និងគោលនយោបាយថ្មី ទប់ស្កាត់ការរំខានពីមន្ត្រីខិលខូច

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើការកែទម្រង់ស៊ីជម្រៅផ្នែកសេដ្ឋកិច្ច និងគោលនយោបាយថ្មីៗ បានធ្វើឲ្យសកម្មភាព និងការវិនិយោគមកប្រទេសកម្ពុជានៅឆ្នាំ២០២៤នេះ មានកំណើនគួរឲ្យសម្គាល់ល្អប្រសើរ។ តាមរបាយការណ៍ គិតចាប់ពីខែមករា រហូតដល់ខែមិថុនាឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងពង្រីកផលិតកម្មសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។

ក្នុងសេចក្ដីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា គម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១៩០គម្រោង បើធៀបនឹងរយៈពេលដូចគា្ននៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់គេហទំព័រ Million Times តាមរយៈតេឡេក្រាមឲ្យដឹងថា ជាមោទកភាពរបស់យើងដែលបានឃើញកំណើននៃការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះវិស័យដែលបាននាំមុខគេលេចធ្លោ គឺវិស័យកម្មន្តសាលមិនមែនកាត់ដេរ កសិ-ឧស្សាហកម្ម កែច្នៃ រ៉ែ គ្រឿងអេឡិចត្រូនិច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏បានកត់សម្គាល់ពីគំណើនក្នុងវិស័យយានយន្ត ដែលឃើញមានវិនិយោគិនមកបើករោងចក្រដំឡើងរថយន្តផងដែរ។

ទោះជាបែបក្តី អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មរូបនេះ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ស៊ីជម្រៅផ្នែកសេដ្ឋកិច្ច និងដាក់ចេញគោលនយោបាយថ្មីៗ ដើម្បីទាក់ទាញការវិនិយោគបន្ថែម ពិសេសនោះ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីចូលរួមគាំពារ ដោះស្រាយការលំបាករបស់អ្នកវិនិយោគ ដែលទាំងនេះ អ្នកឧកញ៉ាមើលឃើញថា ធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្តមកលើកម្ពុជាប្រកបដោយភាពជឿជាក់ មិនមានការរំខានពីមន្ត្រីខិលខូចដែលបង្កការលំបាកជាដើម។

អ្នកឧកញ៉ាគូសបញ្ជាក់បន្ថែមថា នាយករដ្ឋមន្រ្តីថ្មីអាណត្តិទី៧នេះ បាននឹងកំពុងយកចិត្តដាក់យ៉ាងខ្លាំងជាមួយវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី