កម្ពុជា-ចិន ពិភាក្សារឿងការងារអភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗ

អំឡុងបំពេញទស្សនកិច្ចនៅចិន ក្នុងពេលទទួលទានអាហារនាព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញានេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Zheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) ឆ្លៀតពេលពិភាក្សាលើការងារអភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចការងារអភិវឌ្ឍន៍គម្រោងវិនិយោគមួយចំនួនដែលវិនិយោគិនចិនបានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បីធានាឱ្យគម្រោងការងារទាំងអស់អាចអនុវត្តទៅដោយជោគជ័យ ក្រោមការជំរុញពន្លឿននីតិវិធីការងាររវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួមឱ្យគម្រោងទាំងអស់សម្រេចបានឆាប់រហ័ស ដើម្បីបម្រើប្រយោជន៍ជាតិកម្ពុជា។ 

តាមដានជាមួយយើង៖ Million Times

ជំនួបដដែលនោះ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិនបានបង្ហាញការប្តេជ្ញាចិត្តនឹងជួយជំរុញឱ្យក្រុមហ៊ុនចិនដែលវិនិយោគក្នុងគម្រោងនេះ អនុវត្តការងារឱ្យសម្រេចបានលទ្ធផលតាមកាលកំណត់ ឬមុនកាលកំណត់ ដែលបានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ២០២៨។

សូមជម្រាបថា តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិនបានជួយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង ៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេដ៏ទៃទៀតត្រូវបានសាងសង់ឡើង ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះបានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ផេក CDC